ពលរដ្ឋសប្បុរសជនខេត្តកំពង់ធំចូលរួមបរិច្ចាគជួយ ជនភៀស សឹកនិងវីរកងទ័ពជួរមុខ បង្ហាញស្មារតីសាមគ្គីរួមគ្នាដើម្បីជាតិ! សាមគ្គីជាតិ!

 

ខេត្តកំពង់ធំ៖ ក្រោយការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីស្នើរកការគាំទ្រដល់ពលរដ្ឋដែលកំពុងភៀសខ្លួនពីតំបន់ជម្លោះនៅព្រំដែន និងជាការលើកទឹកចិត្តដល់វីរកងទ័ពជួរមុខរួចមក គេសង្កេតឃើញមានការចូលរួមបរិច្ចាគយ៉ាងផុសផុលពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននៅទូទាំងខេត្ត។
​សកម្មភាពទទួលអំណោយនេះ បានប្រព្រឹត្តទៅពេញមួយថ្ងៃទី ១១ និងទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នៅតាមទីតាំងទទួលជំនួយចំនួន ២ កន្លែង រួមមាន៖ បរិវេណរដ្ឋបាលខេត្ត និង សួនច្បារគល់ស្ពានកំពង់ធំ។ យុវជនស្ម័គ្រចិត្តជាច្រើននាក់ បានចូលរួមប្រមូលមូលនិធិ និងទទួលគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាជាបន្តបន្ទាប់ពីសប្បុរសជនដោយផ្ទាល់។
​ស្មារតីសាមគ្គី: អ្នកគ្រូ ឃឹម លក្ខិណា គ្រូបង្រៀននិងជាអ្នកផលិតមាតិកាដ៏មានប្រជាប្រិយភាព ដែលបានចូលរួមស្ម័គ្រចិត្តនៅកន្លែងប្រមូលមូលនិធិ បានលើកឡើងពីក្តីរំភើបយ៉ាងខ្លាំង។
​”នៅពេលឃើញការចូលរួមបរិច្ចាគយ៉ាងផុសផុលពីសាធារណជន ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងមានក្តីរំភេីបខ្លាំងណាស់។ នេះបង្ហាញថា ប្រជាជន​កម្ពុជាយើងមានស្មារតីរួបរួម ដឹងគុណ ចំពោះ​វីរភាព​អង់អាច​ក្លាហានរបស់កងទ័ពកម្ពុជា​ ហើយ​ក៏​ជាចំណងមួយដែលធ្វើឱ្យជាតិយើង កាន់តែរឹងមាំ។”
​ ចំណែកឯ លោក សួន យីន ជាប្រជាពលរដ្ឋម្នាក់ដែលបានមកបរិច្ចាគផ្ទាល់ បានបង្ហាញនូវសង្វេគអាណិតអាសូរ និងបំណងចង់ផ្តល់កម្លាំងចិត្តដល់វីរជន។
​”ខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋជនភាសសឹកនិងកងទ័ពយើងជួបទុក្ខលំបាក ចិត្តខ្ញុំមិនស្ងប់… ទោះបីជាខ្ញុំមិនអាចទៅច្បាំងផ្ទាល់ក៏ដោយ តែខ្ញុំចូលរួមចំណែកការបរិច្ចាគបន្តិចបន្តួចនេះ គឺជាកម្លាំងចិត្តសម្រាប់ពួកគាត់។ ហើយក៏ជាការបង្ហាញដល់ប្រទេសឈ្លានពានថា ពលរដ្ឋខ្មែរគ្រប់រូប រួបរួមគ្នាយ៉ាងកក់ក្តៅ ក្នុងការការពារប្រទេស។”
​ រដ្ឋបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានជឿជាក់ និងស្ម័គ្រចិត្តចូលរួមដឹកនាំក្តីស្រឡាញ់ជាតិ តាមរយៈការបរិច្ចាគដ៏សន្ធឹកសន្ធាប់នេះ។ រដ្ឋបាលខេត្តបន្តសង្ឃឹមថា ស្មារតីសាមគ្គីមួយនេះ នឹងបន្តក្លាយជាកម្លាំងរឹងមាំក្នុងការគាំទ្រពលរដ្ឋជនរងគ្រោះ និងវីរកងទ័ពកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដីជាតិ។ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *