ដោយ : ភ្នំធំ / បាងកក-ថៃ:មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២៧ខែតុលាថា: អាមេរិកចង់ឃើញការដោះលែងយុទ្ធជនកម្ពុជាទាំង១៨រូបនៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាភ្លាមៗតាំងពីថ្ងៃទី២៦ខែតុលា មកម្ល៉េះ ។
មន្ត្រីនោះបានបញ្ជាក់ថា៖ «ការរំពឹងទុករបស់យើងគឺថា ដំណើរការនេះ ទាក់ទងនឹងការប្តេជ្ញាចិត្តទាំងអស់ នឹងចាប់ផ្តើមភ្លាមៗនៅពេលដែលវាត្រូវបានចុះហត្ថលេខា»។
ចំណែកក្រសួងការពារជាតិកម្ពុជានាថ្ងៃទី២៨ខែតុលា បានថ្លែងថា: ថ្ងៃនេះជា ថ្ងៃទី៩១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ៕

