អ្នកសង្កេតការណ៍អាស៊ាន (AOT) យោធភូមិភាគទី៤របស់កម្ពុជា និងយោធភូមិភាគ២របស់ថៃ ជួបប្រជុំជាមួយនៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ , ដោះលែងទាហានកម្ពុជា១៨នាក់ជាបន្ទាន់

ដោយ : ភ្នំធំ / ឧត្តរមានជ័យ៖នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ កងទ័ពនៃយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពនៃយោធភូមិភាគ២របស់ថៃ ជួបប្រជុំជាមួយអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។
ក្នុងនោះ មាននិយាយសំខាន់ពីការចាប់ផ្ដើមការដោះលែងទាហានកម្ពុជា១៨នាក់ជាបន្ទាន់ ។

កិច្ចប្រជុំនាព្រឹកថ្ងៃនេះ ធ្វើឡើងជជែកពីការអនុវត្តន៍តាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា យោងសារព័ត៌មានអន្តរជាតិអង់គ្លេសរ៉យទ័រ( Reuters ) ចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះថា មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាដើម្បីចាប់ផ្ដើមការដោះលែងទាហានកម្ពុជា១៨នាក់ជាបន្ទាន់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ថ្លែងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើបានបញ្ជាក់ថា : «ការរំពឹងរបស់យើងគឺនីតិវិធីដែលគោរពទៅតាមការប្ដេជ្ញាចិត្ត ពីគ្រប់ភាគីទាំងអស់នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ ដូចដែលពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព»។

ចំណែកក្រសួងការពារជាតិកម្ពុជានាថ្ងៃទី២៨ខែតុលា បានថ្លែងថា: ថ្ងៃនេះជា ថ្ងៃទី៩១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *