———–
ឧក្រិដ្ឋជនដូរគ្រឿងញៀន២នាក់ ដែលបានបាញ់តដៃសមត្ថកិច្ច បណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់ ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយរត់គេចខ្លួនបាត់នោះ ពេលនេះត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តាមឃាត់ខ្លួនបានហើយ។
កិច្ចសហប្រតិបត្តិការតាមស្រាវជ្រាវបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀននេះ បានអនុត្តឡើងយ៉ាងយកចិត្តទុកដាក់ ស្ថិតនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។
សូមរំលឹកថា នៅវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក។
ក្នុងអំឡុងពេលប្រតិបត្តិការ ស្រាប់តែជនល្មើសបានបាញ់តដៃមកដល់សមត្ថកិច្ច។ ពេលនោះបណ្ដាលឲ្យលោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈនគរបាលម្នាក់ទៀត រងរបួសធ្ងន់។
ក្រោយបាញ់តដៃរួច ក្រុមជនល្មើស ដែលប្រដាប់ដោយអាវុធ បានឆ្លៀតយកអាវុធខ្លីរបស់សមត្ថកិច្ច ដែលនៅជាប់ខ្លួនមួយដើមទៀត ជិះម៉ូតូរត់គេចខ្លួនតែម្ដង៕
