ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖ករណីបែកធ្លាយនូវសកម្មភាពមានគ្រឿងចក្ររាប់សិបគ្រឿងរបស់ក្រុមហ៊ុនយ៉ាងតិច៣ ចូកកកាយដីភ្នំបាក់កីនៃក្រុមប្រជុំកូនភ្នំផ្គាំជាសម្បត្តិសាធារណ:របស់រដ្ឋ ដែលស្ថិតនៅក្នុងភូមិស្វាយសឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ២០២៥ កន្លងមកនោះ មកទល់ថ្ងៃទី២៣ខែតុលា នេះ មន្ត្រីជំនាញនៅតែមិនឆ្លើយ ។
ប៉ុន្តែម្ចាស់គ្រឿងចក្រ ភ្នាក់ងារភូមិនិងមន្ត្រីក្រុមប្រេឹក្សាឃុំ មេឃុំ ដែលជាមន្ត្រីអាជ្ញាធរដែនដីមូលដ្ឋានបានឆ្លើយថា ការកាយដីភ្នំនេះ មាន”ថ្នាក់លើ”អនុញ្ញាតិ។
ក្នុងនោះ ក៏មានលិខិតផ្លូវការមួយដែលក្រុមហ៊ុនតាន់ គឹមអេង(របស់លោកតាន់ គឹមហួត មកពីក្រុងប៉ោយប៉ែត) បានស្នើសុំនិងមានការអនុញ្ញាតិពីមេឃុំផ្គាំដែលអោយយកដីភ្នំដល់ទៅ៨. ០០០ឡានធំកង់ដប់ ។
ចំណែកក្រុមហ៊ុន២ទៀត គឺមួយរបស់លោកសាំង គង់ នៅក្រុងសិរីសោភ័ណនិងនៅក្រុមហ៊ុនមួយទៀតមកពីស្រុកភ្នំស្រុកក៏មកធ្វើអាជីវកម្មកាយដឹកដីភ្នផ្គាំនេះដែរដើម្បីយកអាចម៍ដីយកទៅស្ថាបនាគ្រឺះផ្លូវបេតុងក្នុងឃុំនាស្រុកស្វាយចេកនិងស្រុកថ្មពួក ។
បន្ថែមលើនោះ មានអាជីវករឬឈ្មួញជាច្រើនទៀត ដែលបានជួយត្រួសត្រាយ ចូកជីកនិងចូកដីលក់នៅតាមភូមិឃុំ។
ដូច្នេះ មិនយូរប៉ុន្មានទៀតទេ ក្រុមប្រជុំកូនភ្នំផ្គាំនឹងរលាយបាត់បងជាមិនខាន ។
យោងលិខិតស្នើសុំដឹកដីរបស់ឈ្មោះផាន់ សារ៉ន ភេទប្រុសអាយុ៤១ឆ្នាំ ទីលំនៅភូមិបឹងម្នងឃុំម្រាមស្រុករមាសហែកខេត្តស្វាយរៀង តំណាងក្រុមហ៊ុនតាន់ គឹមអេង(របស់លោកតាន់ គឹមហួត) ចុះថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៥ តាមរយ:លោកសែង រ៉ានមេភូមិស្វាយស ជូនលោកមេឃុំផ្គាំស្រុកស្វាយចេក ត្រូវបានលោកលីន ប៊ុនឡាវ ជំទប់ទី១ អនុញ្ញាតិចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៥ បានឯកភាពលើសំណើសុំអនុញាតិជីកដឹកដីថ្មបំបែកចំនួន៨ ០០០ឡានក្នុងភូមិស្វាយសឃុំផ្គាំ។លិខិតបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងសហគមន៍ពីចំណុចភូមិស្វាយសទៅភូមិ ថ្មគោលអូរនិងភូមិប្រាសាទវៀន ឃុំផ្គាំត្រូវការផ្លូវ ហើយក្រុមហ៊ុនទទួលគម្រោងផ្លូវក្រាលកៅស៊ូ១ខ្សែប្រវែង៤. ៥៥០ម៉ែត្រនិងស្ពានបេតុងប្រវង៣៦ម៉ែត្រពីក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់មូលដ្ឋានឃុំផ្គាំឆ្នាំ២០២៥ ។
.
ទោះជាណា ពលរដ្ឋក្នុងសហគមន៍ ក៏ដូចសកម្មជនបរិស្ថានសម្តែងការព្រួយបារម្ភនិងសោកស្តាយយ៉ាងខ្លាំងចំពោះការជីកកកាយដីនិងថ្មនៅជើងនិងចង្កេះនៅក្រុមប្រជុំកូនភ្នំផ្គាំនេះថា បង្កប៉ះពាល់បរិស្ថាន ខូចសោភ័ណភាពភ្នំដែលអភិរក្ស អាចង្កគ្រោះថ្នាក់ពីលំបាក់ដី ការបាត់បង់ធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ គ្រោះថ្នាក់ដល់មនុស្សសត្វពីរណ្តៅដីធំនិងជ្រៅៗ និងគំរាមកំហែងដល់ប្រាសាទបូរាណបាក់កីនៅលើកំពូលភ្នំនេះថែមទៀត ។
ម្យ៉ាង ក្រុមហ៊ុនឬអាជីវករជីកកាយដីទាំងនោះ សង្ស័យគ្មានច្បាប់អនុញ្ញាតិពីជំនាញរ៉ែនៅថ្នាក់ខេត្តនិងក្រសួងឡើយ ។
ហើយបើក្រុមហ៊ុនទាំងនោះ ដេញថ្លៃបានការស្ថាបនាផ្លូវក្នុងតម្លៃទឹកប្រាក់រាប់ពាន់រៀល ប៉ុន្តែបែរជាមកកាយដីភ្នំរបស់រដ្ឋដោយមិនបង់ថ្លៃសួយសារលើធនធានរ៉ែជូនរដ្ឋទៅវិញ។លោកសែង រ៉ាន មេភូមិស្វាយស និងលោកជឹង សមាជិកក្រុមប្រឹក្សាឃុំផ្គាំ មានប្រាប់អ្នកសារព័ត៌មានថា: ក្នុងនាមមន្ត្រីអាជ្ញាធរមូលដ្ឋានដែលរស់នៅផ្ទាល់ជាមួយប្រជារាស្ត្រ ទទួលការងារពីការបោះឆ្នោតរបស់រាស្ត្រ ពួកលោកខ្វាយខ្វល់សុខទុក្ខរាស្ត្រ ។ ប៉ុន្តែក៏អាម៉ាស់ដែរដែលរាស្ត្រសួរថា តើការកាយដីនិងថ្មភ្នំសម្បត្តិរដ្ឋនេះ មានច្បាប់ឬទេ?
គឺបានត្រឹមដឹងពីមេការក្រុមហ៊ុនកាយដីថា ” សួរទៅថ្នាក់លើៗ” ។ចំពោះ មេការរបស់ក្រុមហ៊ុនតាន់ គឹមអេង បាននិយាយថា : មេខ្លួនមានលិខិតអនុញ្ញាតិពីអាជ្ញាធរឃុំផ្គាំដូចខ្លឹមសារខាងលើ ។ហើយបន្ថែមពីនោះ មានការអនុញ្ញាតិពី” ថ្នាក់លើ” ទៀត ។
បើអ្នកសារព័ត៌មានឯងចង់ដឹង ចូរសួរទៅមេនិងថ្នាក់លើទៅ ។រីឯមេការរបស់ក្រុមហ៊ុនសាំង គង់ ដែលជាមន្ត្រីសាលាខេត្តបន្ទាយមានជ័យផងនោះ បានអោយដឹងថា: រឿងនេះ សូមសួរទៅមេទៅ នឹងថា បើគ្មានថ្នាក់លើអនុញាតិ ពួកខ្លួនក៏មិនហ៊ានកាយដីភ្នំយកទៅធ្វើថ្នល់ឬលក់ដែរ ។
ចំណែកលោកផេង ប៉ោត មេឃុំផ្គាំជាមេឃុំដែលយូរយារជាងគេ ប៉ុន្តែទើបវិលមកកាន់តំណែងឡើងវិញបន្ទាប់ពីមេឃុំជាប់ឆ្នោតមុននេះ២រូបបានចាកចេញ បានប្រាប់សារព័ត៌មានដោយចៀសវាងនិយាយថា ការអនុញ្ញាតិអោយកាយដីភ្នំនោះរបស់រដ្ឋបាលឃំនោះ មិនមែនលោកទេ។
ប៉ុន្តែថា ក្រុមហ៊ុនកាយដីភ្នំទាំងនោះ បានប្រាប់លោកថា គេមានច្បាប់អនុញាតិពីថ្នាក់លើនិងជំនាញណានោះ លោកមិនបានដឹងច្បាស់ទេ ។ករណីលោកសុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យនិងប្រធានការិយាល័យរ៉ែ អ្នកសារព័ត៌មានយើងបានព្យាយាមទាក់ទង់ដើម្បីបំភ្លឺករណីកាយដីក្រុមប្រជុំកូនភ្នំផ្គាំនេះក្នុងថ្ងៃទី២២និង២៣ខែតុលា ប៉ុន្តែ គ្មានអ្នកលើកទទួលទូរស័ព្ទឡើយ ។ មន្ត្រីមន្ទីរថា លោកប្រធានសម្រាកដោយសារជម្ងឺ ឯមន្ត្រីមិននៅកន្លែង ។
ឯលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកបានអោយដឹងថា: សកម្មភាពចូកកាយដីភ្នំឬដីសម្បត្តិសាធារណ:ធំៗដូច្នេះ អាជ្ញាធរស្រុកនិងកុំថាឡើយអាជ្ញាធរឃុំ ភូមិដែលគេមិនអោយដឹង សូម្បីអាជ្ញាធរស្រុកក៏អាចដឹងឡើយ ។
ឯលោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកបានអោយដឹងថា: សកម្មភាពចូកកាយដីភ្នំឬដីសម្បត្តិសាធារណ:ធំៗដូច្នេះ អាជ្ញាធរស្រុកនិងកុំថាឡើយអាជ្ញាធរឃុំ ភូមិដែលគេមិនអោយដឹង សូម្បីអាជ្ញាធរស្រុកក៏អាចដឹងឡើយ ។

