ប្រជាពលរដ្ឋ ៨០ គ្រួសារនៅឃុំកោះថ្កូវ ខេត្តកំពង់ឆ្នាំង ទទួលអំណោយសង្គ្រោះពីក្រុមការងាររាជរដ្ឋាភិបាលនិងអភិបាលខេត្ត

 

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង �រួមជាមួយឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជលគិរី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងឯកឧត្តម គឹម វាសនា និងក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៨០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី។
ឯកឧត្តម អ៊ុក រាប៊ុន បានមានប្រសាសន៍ថា ទឹកជំនន់បណ្តាលមកពីទឹកហូរពីទន្លេមេគង្គខាងលើ ចូលទន្លេបាសាក់ និងទន្លេសាប បណ្តាលឱ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅតំបន់វាលជំនាបតាមដងទន្លេ។ ក្រុមការងារនិងអាជ្ញាធរខេត្ត ស្រុក បានចុះជួយប្រជាពលរដ្ឋទាន់ពេលវេលា ទោះបីស្ថានភាពទីតាំងមានការលំបាកក៏ដោយ។ នៅថ្ងៃនេះ ក្រុមការងារបាននាំយកអំណោយសង្គ្រោះជូនប្រជាពលរដ្ឋ ៨០ គ្រួសារនៅភូមិចំនួន ១០ ក្នុងឃុំកោះថ្កូវ។
ឯកឧត្តមបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកជំនន់ ខ្យល់ព្យុះ និងជំងឺឆ្លងផ្សេងៗ ដោយសូមប្រើប្រាស់ទឹកស្អាត និងមើលថែកុមារឱ្យបានល្អ ដើម្បីជៀសវាងហានិភ័យ។ ឯកឧត្តមបានបន្តថា ស្រុកកំពង់លែង និងស្រុកជលគិរី ជាស្រុករងគ្រោះខ្លាំងជាងគេនៅខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់លោក ដូវ គឹមស៊ីង អភិបាលស្រុកជលគិរី បានឱ្យដឹងថា នេះជាលើកទី ២ ហើយដែលក្រុមការងារនិងឯកឧត្តមអភិបាលខេត្តចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ។ លើកទី ១ បានចែកជូន ១៥០ គ្រួសារ និងលើកនេះចែកជូន ៨០ គ្រួសារ ដែលបង្ហាញពីការខិតខំរបស់អាជ្ញាធរក្នុងការជួយដល់ប្រជាពលរដ្ឋឱ្យផុតពីទុក្ខលំបាក៕

Leave a Reply

Your email address will not be published. Required fields are marked *