កំពង់ឆ្នាំង(:)នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក កែវ ចន្ថា ប្រធានការិយាល័យ បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្ត និងតំណាងក្រុមហ៊ុនកាណូតដរទទឹង ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវទឹក និងចែកអាវពោងសុវត្ថិភាពចំនួន ៥០ អាវ ដល់អ្នកបើកនាវា អ្នកបើកទូកបាឡាស្មាច់ និងប្រជាពលរដ្ឋនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ក្រុមការងារបានផ្សព្វផ្សាយ និងណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវទឹក ដើម្បីលើកកម្ពស់ការយល់ដឹង និងការគោរពច្បាប់ក្នុងចំណោមប្រជាពលរដ្ឋ។ ក្រុមការងារបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ៧ ដូចខាងក្រោម៖
តាមដានស្ថានភាពអាកាសធាតុ៖ ត្រូវប្រុងប្រយ័ត្ន និងជៀសវាងចេញដំណើរពេលមានព្យុះ ខ្យល់បក់ខ្លាំង រលកធំ ឬភ្លៀងធ្លាក់ខ្លាំង។
ពិនិត្យនាវាមុនចេញដំណើរ៖ ត្រូវត្រួតពិនិត្យស្ថានភាពនាវាឱ្យបានហ្មត់ចត់ ដើម្បីធានាសុវត្ថិភាព។
រៀបចំសម្ភារសង្គ្រោះ៖ ត្រូវផ្ទៀងផ្ទាត់ឧបករណ៍សង្គ្រោះដូចជា អាវពោង ពោងកង បំពង់ពន្លត់អគ្គិភ័យ និងខ្សែពួរ ឱ្យគ្រប់គ្រាន់សមស្របតាមទំហំនាវា និងចំនួនអ្នកដំណើរ។
ជៀសវាងផ្ទុកលើសចំណុះ៖ មិនត្រូវដឹកសម្ភារៈ ឬអ្នកដំណើរលើសចំណុះនាវាឡើយ។
បញ្ឈប់ការប្រើប្រាស់នាវាខុសលក្ខណៈបច្ចេកទេស៖ អាជីវកម្មដឹកអ្នកដំណើរត្រូវបញ្ឈប់ការប្រើប្រាស់នាវាដែលមិនស្របតាមស្តង់ដារបច្ចេកទេស។
រៀបចំអ្នកដំណើរ៖ ណែនាំអ្នកដំណើរឱ្យអង្គុយ ឬឈរនៅទីតាំងសមស្រប ដើម្បីរក្សាលំនឹងនាវា។
ចុះបញ្ជីនាវា៖ នាវាទាំងអស់ដែលធ្វើចរាចរណ៍លើផ្ទៃទឹកត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវនៅអង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្ត (សម្រាប់នាវាមានចំណុះ ៤០ តោន ឬ ៥០ កៅអីចុះក្រោម)។
ក្នុងឱកាសនេះ ក្រុមការងារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកដំណើរតាមផ្លូវទឹក ដើម្បីធានាសុខសុវត្ថិភាព និងសុភមង្គលជូនប្រជាពលរដ្ឋ។

