លោកជំទាវ ហ៊ុន ស៊ីណាត ឧបត្ថម្ភអំពូលសូឡា ១០ ដើម ដល់សាលាបុណ្យភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ

 

កំពង់ឆ្នាំង(:)នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ស៊ីណាត អមដំណើរដោយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានអញ្ជើញចូលរួមពិធីប្រគល់ និងដំឡើងអំពូលភ្លើងសូឡាចំនួន ១០ ដើម នៅបរិវេណសាលាបុណ្យភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ ប្រជាពលរដ្ឋ កម្លាំងនគរបាល និងប្រជាការពារជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋមានឱកាសអភិវឌ្ឍគ្រប់វិស័យ ជាពិសេសការកសាងសាលាបុណ្យថ្មីនៅភូមិត្រោក ដែលជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទគោរពបូជា និងសមាទានសីល។ លោកជំទាវក៏បានពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ និងលោកតា លោកយាយនៅទីនេះ។
លោកជំទាវបានបន្តថា ដោយសង្កេតឃើញសាលាបុណ្យថ្មីនេះនៅខ្វះភ្លើងបំភ្លឺនៅពេលយប់ លោកជំទាវសម្រេចឧបត្ថម្ភអំពូលសូឡាចំនួន ១០ ដើម ដើម្បីជួយបំភ្លឺ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋមកប្រើប្រាស់សាលាបុណ្យ ព្រមទាំងសម្រាកកម្សាន្ត។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានឱ្យដឹងថា សាលាបុណ្យភូមិត្រោកពីមុនមានសភាពទ្រុឌទ្រោម មិនអាចប្រើប្រាស់សម្រាប់សមាទានសីលបាន។ ដោយមានការឧបត្ថម្ភពីលោកជំទាវ ពេជ ច័ន្ទមុនី និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងការសម្របសម្រួលពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សាលាបុណ្យថ្មីធ្វើពីបេតុងនេះបានសាងសង់រួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៥។ លោកក៏បានតំណាងឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ថ្លែងអំណរគុណចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ដែលបានឧបត្ថម្ភអំពូលសូឡាទាំង ១០ ដើមនេះ ដើម្បីបម្រើផលប្រយោជន៍សហគមន៍។

Leave a Reply

Your email address will not be published. Required fields are marked *