សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា យ៉ាងដាច់ខាតថា កម្ពុជាមិនដែលបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីរបស់ខ្លួនឡើយ

ដោយ : ភ្នំធំ / ភ្នំពេញ:នៅថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០២៥ នេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានចេញមកអះអាងជំហររបស់រដ្ឋាភិបាលកម្ពុជា យ៉ាងដាច់ខាតថា : ” កម្ពុជាមិនដែលបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីរបស់ខ្លួនឡើយ” ។
ការអះអាងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់មហាជនមួយចំនួនដែលថា : ” កម្ពុជាបានឯកភាពលើកិច្ចព្រមព្រៀងជាមួយភាគីថៃ ដែលធ្វើឲ្យកម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួន នៅក្នុងជម្លោះព្រំដែនរវាងប្រទេសទាំង២ ” ។

សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា: ” ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី” ។” ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា÷

កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។

កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណ: និងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។

ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថា ភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។

សម្តេចនាយករដ្ឋមន្ត្រីបន្តថា: ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណ: កម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។

សម្តេចធិបតីបញ្ជាក់យ៉ាងដូច្នេះថា សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា:

១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។

២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *