ដោយ : បន្ទាយ / ភ្នំពេញ :ពង្រាងឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាព: ភាគីថៃ នឹងត្រូវដោះលែងទាហានកម្ពុជាទាំង១៨នាក់ដែលយោធាថៃចាប់ខ្លួន១ថ្ងៃ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
បើតាម លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទូរទស្សន៍ជាតិកម្ពុជា( TVK) បានស្រង់ប្រសាសន៍របស់លោកកាលពីថ្ងៃទី១៨ខែតុលា ភាគីទាំងពីរ បានប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព, ការគោរពគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះផ្សេងៗដើម្បីរួមគ្នាក្នុង” ឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ ដោយប្រទេសទាំងពីរ មិនអាចរើដីចេញទេឡើយ” ។
លោកឧបនាយករដ្ឋមន្ត្រីថា ការចរចាចុងក្រោយនេះ មានលក្ខណៈតឹងតែងដែរ ” ប៉ុន្តែដោយសារឆន្ទៈរួមរបស់ប្រទេសទាំងពីរ ក៏ដូចជារបស់អាមេរិក ដែលជាអ្នកសម្របសម្រួល និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន គឺភាគីទាំងអស់មានការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ និងតំបន់ទាំងមូល ទើប នាំឱ្យមានការឯកភាពចំពោះឯកសារកិច្ចព្រមព្រៀងនេះ” ។
លោកឧបនាយករដ្ឋមន្ត្រី ប្រមុខការទូតកម្ពុជា បានសម្តែងការដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ” ចំពោះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនាំមកនូវបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតឈានដល់ឯកសារកិច្ចព្រមព្រៀងសន្តិភាពនាពេលនេះ ” ។
ហើយលោកក៏បាន “ អរគុណដល់ម៉ាឡេស៊ី ដែលបានសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាកន្លងមក ” ។
លោកក៏បាន ” អរគុណដល់ ប្រទេសជាមិត្តបរទេសដទៃទៀត ជាពិសេសប្រទេសចិនតែម្តង ដែលតែងតែខិតខំលើកទឹកចិត្តឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នា” ៕

