កំពង់ឆ្នាំ):នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកជលគីរី ចំនួន ១៥០ គ្រួសារ និងស្រុករលាប្អៀរ ចំនួន ៧៤ គ្រួសារ។ ពិធីនេះមានការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម (វត្តតាសុត)។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋរងគ្រោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងនៅជាមួយប្រជាពលរដ្ឋគ្រប់សុខទុក្ខ ដោយមានកាកបាទក្រហមកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសម្រាលទុក្ខលំបាកជាបន្ទាន់ ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវរងវេទនាឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ដើម្បីជួយសម្រាលការលំបាកផងដែរ។

