ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំបើកការដ្ឋានសាងសង់ផ្លូវជនបទជាង ៤០ គីឡូម៉ែត្រ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន ៦ ខ្សែ ប្រវែងសរុប ៤០,៥០ គីឡូម៉ែត្រ នៅស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផ្លូវទាំងនេះត្រូវបានលើកកម្រិតគុណភាពពីផ្លូវក្រាលល្បាយដីទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជននៅតំបន់ជនបទ។
ពិធីនេះបានប្រព្រឹត្តទៅនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ១,០០ៀ នាក់។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបង្ហាញពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននៅខេត្តកំពង់ឆ្នាំង ព្រមទាំងអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ។
ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង បានរាយការណ៍អំពីគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។ គម្រោងនេះជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមមាន IFAD, EIB និង EU-AIF ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោងនេះរួមបញ្ចូលការសាងសង់ផ្លូវ ៦៦ ខ្សែ ប្រវែងសរុប ៥៣៧ គីឡូម៉ែត្រ កែលម្អផ្សារសហគមន៍ ៦ កន្លែង សាងសង់កំពង់ដ ៤ កន្លែង និងកន្លែងប្រមូលផលិតផលកសិកម្ម ៥ កន្លែង ដោយផ្តល់ផលប្រយោជន៍ដល់ប្រជាជន ១,១២៣,៦៣៥ នាក់ (ស្ត្រី ៥៧៥,៧៦៧ នាក់) នៅទូទាំងខេត្តចំនួន ១២។
ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍលើគ្រប់វិស័យ និងអបអរសាទរចំពោះប្រជាពលរដ្ឋ ជាពិសេសនៅស្រុកទឹកផុស និងកំពង់ត្រឡាច ដែលទទួលបានសមិទ្ធផលថ្មី។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តផ្តោតលើការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលផ្តោតលើការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ តាមរយៈពាក្យស្លោក “មានផ្លូវ មានក្តីសង្ឃឹម”។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សមិទ្ធផលនេះកើតចេញពីសន្តិភាព ដែលជាគុណបំណាច់នៃការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវឯកភាពជាតិ និងសន្តិភាពពេញលេញ៕

Leave a Reply

Your email address will not be published. Required fields are marked *