(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១,០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស ០,១៥ម៉ែត្រ នៅភូមិត្រពាំងច្រនាង និងភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ផ្លូវនេះជាគម្រោងមូលនិធិឃុំឆ្នាំ២០២៥ ដែលនឹងជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព។ លោកអភិបាលបានបញ្ជាក់ថា ផ្លូវនេះជាសមិទ្ធផលរួម ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមថែរក្សា និងត្រួតពិនិត្យគុណភាព។
លោកក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់អនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវ និងបញ្ចប់ការសាងសង់ទាន់ផែនការ។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមត្រួតពិនិត្យដំណើរការសាងសង់ ដើម្បីផលប្រយោជន៍រួម។

