កំពង់ធំ: អនុវត្តតាមការចង្អុលបង្ហាញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរង បានចុះបង្ក្រាបករណីសញ្ចរកម្មនៅទីតាំងខារ៉ាអូខេចំនួនពីរកន្លែង គឺហាង “ជំនោរីករាយ” និង “ម្លប់ស្វាយរដ្ឋា” ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២៥២៥ វេលាម៉ោង ១៩:១៥នាទី។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ដែលជាម្ចាស់ទីតាំង រួមមាន៖
១. ឈ្មោះ គង់ សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ ម្ចាស់ហាងខារ៉ាអូខេ “ជំនោរីករាយ”
២. ឈ្មោះ ម៉ូន ចាន់ថា ភេទស្រី អាយុ ៤១ឆ្នាំ ម្ចាស់ហាងខារ៉ាអូខេ “ម្លប់ស្វាយរដ្ឋា”
លើសពីនេះ សមត្ថកិច្ចបានរំដោះជនរងគ្រោះចំនួន ១០នាក់ ក្នុងនោះមានអនីតិជនស្រីចំនួន ២នាក់។
បច្ចុប្បន្ន ជនសង្ស័យ និងសំណុំរឿងត្រូវបានកសាង និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

