ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កាលពីព្រឹកថ្ងៃពុធទី១៥ខែតុលា ឆ្នាំ២០២៥ សប្បុរសជន ពុទ្ធបរិស័ទទៅប្រារព្ធពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន២៩៩អង្គនៅវត្តពុទ្ធិស៊ីមារាមជោគជ័យនាភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ជាទីតាំងជាប់តំបន់បង្គោលព្រំដែនលេខ៤៦ ដែលមានសភាពការណ៍ព្រំដែនក្តៅគគុកនិងរងការរំលោភបំពានពីភាគីសៀម ។
ពិធីរាប់បាត្រនោះ មានព្រះវត្តមានព្រះឧត្តមសីល ញាណ ព្រះមេគណខេត្តគណមហានិកាយ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យដឹកនាំ ។.
ពិធីក៏ដើម្បីបង្សុកូលឧទ្ទិសព្រះរាជកុសលថ្វាយដល់
ព្រះបរមរតនកោដិនរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃកម្ពុជា ខួបទី១៣ឆ្នាំនៃការយាងសោយទីវង្គតនិងឧទ្ធិសកុសលជូនវិញ្ញាណក្ខន្ធបុព្វការីជន ញាតិការ៧សន្តាន និងវីរឥស្សរជន វីរជន យុទ្ធជន យុទ្ធនារីដែលបូជាជីវីតក្នុងបុព្វហេតុជាតិមាតុភូមិ បូរណភាពទឹកដីនិងប្រជាជាតិកម្ពុជា ។
ជាការកត់សម្គាល់ ពិធីនោះពុំមានមន្ត្រីអាជ្ញាធរ សមត្ថកិច្ច កងកម្លាំងចូលរួមឡើយ ។ ពោលគឺមានតែសប្បុរសជន ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋនៅសហគមន៍តាមព្រំដែនប៉ុណ្ណោះ ។
សូមរំលឹកថា កាលពីថ្ងៃទី៩-១០ខែតុលា កន្លងមក ព្រះសមណញាណណាប់ ម៉ឺន ព្រះបល័ដ្ឋគណខេត្តគណមហានិកាយ ព្រះវរមុន្នី វ៉ា ចិន្តា ព្រះមេគណខេត្តគណ:ធម្មយុត្តិនិកាយ ក៏បាននិមន្តដឹកនាំពិធីរាប់បាត្រព្រះសង្ឃ៤០០អង្គនៅវត្តសុវណ្ណសិក្ខារាមព្រៃចាន់ ភូមិព្រៃចាន់ឃុំអូរបីជាន់ រួចមកហើយ ៕

