ដោយ : បន្ទាយ / តាកែវ :សត្វដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» នៅថ្ងៃទី ២៤ សីហាបានស្លាប់ហើយ.បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រទី២៣ខែសីហា កន្លងមកនេះ បើទោះបីក្រុមពេទ្យសត្វផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតក្តី។
នេះបើយោងតាមរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និង បានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។
លោកទ្រី ស៊ីថេង ដែលជាហ្ម ជាអ្នកចិញ្ចឹមនិងទុកដូចឳពុករបស់ឡាក់គី បានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី អង្គការសម្ព័ន្ធសត្វព្រៃ(Wildlife Alliance ) ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។
រដ្ឋបាលព្រៃឈើថ្លែងអំណរគុណចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំ«ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត។
រដ្ឋបាលព្រៃឈើ៖ «រដ្ឋបាលព្រៃឈើនៅតែបន្តប្តេជ្ញាការពារ និងថែរក្សាសត្វព្រៃនៅកម្ពុជា និងសូមអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ដើម្បីជំរុញការយកចិត្តទុកដាក់លើធនធានសត្វព្រៃរបស់យើង ឱ្យបានដូចដំរី«ឡាក់គី»ក្នុងពេលកន្លងមក»៕

