ឧត្តមសេនីយ៍ទោ ហេង សុផល ដាក់គោលការណ៍ ៨ ចំណុច ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារ

 

(កំពង់ធំ)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៥ ក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
ក្នុងឱកាសនោះ លោកស្នងការបានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជូនកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានអបអរសាទរ និងកោតសរសើរចំពោះការកែលម្អអគារប៉ុស្តិ៍ឱ្យស្រស់បំព្រង និងរៀបចំកន្លែងស្នាក់នៅ និងផ្ទះបាយឱ្យបានល្អប្រសើរ។ លោកបានសង្កត់ធ្ងន់ថា នេះជាលទ្ធផលនៃការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដែលបានរួមចំណែកកសាង និងអភិវឌ្ឍអង្គភាពឱ្យរីកចម្រើន។
លើសពីនេះ លោកស្នងការបានដាក់គោលការណ៍ចំនួន ៨ ចំណុច ដើម្បីឱ្យកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់៖
១. ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ។
២. ពង្រឹងការគ្រប់គ្រង និងដឹកនាំបញ្ជា។
៣. រៀបចំផែនការសកម្មភាពប្រចាំថ្ងៃ ផ្លាស់ប្តូរវេនប្រចាំការ ត្រៀមផ្តល់សេវារដ្ឋបាល និងត្រួតពិនិត្យសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដោយសហការជាមួយកម្លាំងប្រជាការពារ។
៤. ពង្រឹងការគ្រប់គ្រងចំណូល-ចំណាកស្រុក ជាពិសេសប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ។
៥. បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះឧបាយកលនៃការផ្តល់កម្ចីខុសច្បាប់ដែលមានអត្រាការប្រាក់ខ្ពស់។
៦. បង្កើនការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” តាមរយៈវេទិកាសាធារណៈ និងការជ្រើសរើសក្រុមប្រជាការពារដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់។
៧. ពង្រឹងសាមគ្គីភាព និងកិច្ចសហការល្អជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់។
៨. អនុវត្តការងារនគរបាលសហគមន៍ដោយទំនាក់ទំនងជិតស្និទ្ធ និងចុះផ្សព្វផ្សាយជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាប្រចាំ។
ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបានត្រួតពិនិត្យ
១. ប៉ុស្តិ៍នគរបាលរដ្ឋបាលក្តីដូង
២. ប៉ុស្តិ៍នគរបាលរដ្ឋបាលសានគរ
៣. ប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែង
៤. ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សី
៥. ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគុយ

Leave a Reply

Your email address will not be published. Required fields are marked *