សម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ជំរុញការគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប

 

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង។ គម្រោងនេះជាផ្នែកមួយនៃគម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលអនុវត្តក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ពិធីនេះមានការចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក អាន់តូនី ហ្គីល តំណាង ADB ប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស និងប្រជាពលរដ្ឋជាច្រើន។
គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ២៤៧ ហិកតា នៅសង្កាត់ចំនួន៤ នៃក្រុងកំពង់ឆ្នាំង រួមមាន សង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង សង្កាត់ប្អៀរ និងសង្កាត់ខ្សាម។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ត្រូវបានសាងសង់លើផ្ទៃដី ១៥ ហិកតា ដោយបច្ចុប្បន្នប្រើប្រាស់ ៤,៥ ហិកតា។ ប្រព័ន្ធនេះមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ៥,៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយភ្ជាប់បណ្តាញទឹកកខ្វក់ទៅផ្ទះប្រជាពលរដ្ឋ និងអគារការិយាល័យចំនួន ៥០០ ទីតាំង។ លើសពីនេះ គម្រោងបានសាងសង់បង្គន់អនាម័យចំនួន ១,២៩៣ ទីតាំងសម្រាប់គ្រួសារក្រីក្រ និងបណ្តាញលូមេ-លូរងសមស្របតាមលំហូរធម្មជាតិ។ សមិទ្ធផលទាំងនេះនឹងជួយលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង។
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានថ្លែងថា គម្រោងនេះនឹងរួមចំណែកដល់សុខមាលភាពសាធារណៈ ជួយរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងលើកកម្ពស់អនាម័យបរិស្ថាននៅកំពង់ឆ្នាំង និងខេត្តជុំវិញ។ គម្រោងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងទឹកស្អាត ដើម្បីធានាសុខភាពសាធារណៈនៅតាមទីប្រជុំជនសំខាន់ៗ។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរខេត្តកំពង់ឆ្នាំង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មដើម្បីសម្រេចគម្រោងនេះ។ ជាពិសេស ឯកឧត្តមបានសម្តែងការដឹងគុណចំពោះ ADB ដែលបានគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងគម្រោងផ្សេងៗទៀតនៅកម្ពុជា ដើម្បីជំរុញការរីកចម្រើនសង្គម-សេដ្ឋកិច្ច។

Leave a Reply

Your email address will not be published. Required fields are marked *