សម្តេចតេជោណែនាំឱ្យពលរដ្ឋខ្មែរកុំធ្វើទង្វើអមនុស្ស និងអន់ជាងសត្វ ដូចពលរដ្ឋថៃមួយចំនួន

ដោយ : ភ្នំធំ / ភ្នំពេញ ៖ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ តុលានេះ បានបង្ហាញសារអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្សនិងអន់ជាងសត្វ ដូចជនជាតិថៃមួយចំនួនដែលយករូបថតរបស់សម្តេចយកមកដាក់ ហើយបាញ់យករង្វាន់។
សម្តេច បានចោទជាសំណួរថា នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌និងអរិយធម៌ខ្ពស់?

យោងតាមបណ្តាញសង្គមផ្លូវការ សម្តេចតេជោហ៊ុន សែន បានអោយដឹងថា : ” កន្លងមកនេះបងប្អូនយើងមួយចំនួនបានសុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។
ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត” ។

ប្រមុខរដ្ឋស្តីទីបានពន្យល់ដូច្នេះថា : ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យ សម្តេចបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។
សម្តេចបន្តអំពាវនាវជនរួមជាតិខ្មែរ សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។

សម្តេចតេជោថា “ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និង ឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង” ។

តែយ៉ាងណា សម្តេចស្នើសុំកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និង ប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា និង ជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។

ជាមួយគ្នានោះ សម្តេចអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *