ដោយ : ភ្នំធំ / បាត់ដំបង:លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី ៥ ខែតុលា.បានចេញលិខិតឆ្លើយតបជាមួយមេបញ្ជាការថ្មី កងទ័ពភូមិភាគ១ថៃ ដែលស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី៣ចំណុចភូមិ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០–១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។
ក្នុងលិខិតនោះ យោធភូមិភាគទី៥កម្ពុជា ប្រាប់ឱ្យយោធភូមិភាគទី១ថៃ គោរពការឯកភាពគ្នាក្នុងកិច្ចប្រជុំ នៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC ហើយទុកការដោះស្រាយព្រំដែនឱ្យអ្នកជំនាញ។
មេបញ្ជាការយោធភូមិភាគទី៥ បានប្រាប់ លោកវ៉ារ៉ាយ៉ុស លៀងសុវណ្ណ (Worayos Lueangsuwan ) មេបញ្ជការភូមិទី១ថៃ ថា ការស្នើប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងយោធភូមិភាគទី៥និងកងទ័ពភូមិភាគទី១ គឺជាការអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅGBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី ២២ ខែសីហាឆ្នាំ២០២៥។
ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលភាគីកងទ័ពភូមិភាគទី១ បានដាក់ស្នើមកគឺត្រូវអនុវត្តន៍ទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ។
ពិសេសក្នុងចំណុចទី៨ នៃកំណត់ហេតុកិច្ចប្រជុំដែលបានប្រគល់ភារកិច្ចឱ្យ JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយ។
ដោយឡែក កិច្ចប្រជុំ RBC ក្នុងកម្រិតយោធភូមិភាគ:” គឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និង ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្ដែមិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ” ។
មេបញ្ជាការយោធភូមិភាគទី៥ បញ្ជាក់បន្ថែមថា ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថានៅកន្លែងខ្លះ ក៏មានការកាន់កាប់ និង អាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ។
បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និង ការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីទាំងពីបានឯកភាពគ្នាកន្លងមក។
លិចិតយោធភាគទី៥ បញ្ជាក់ថា: កម្ពុជាប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំJBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (ដោយរួមទាំងតំបន់ដែលមានសំណង់ថៃ និងប្រជាជនថៃធ្វើសកម្មភាព ហួសបង្គោលព្រំដែនមួយចំនួនផង)។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ចប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ។
យោធភូមិភាគទី៥ ស្នើសុំឱ្យគោរពយ៉ាងខ្ជាប់ខ្ជួននូវអ្វីដែលភាគីទាំងពីរ កម្ពុជា-ថៃ បានព្រមព្រៀងគ្នា កន្លងមកក្នុងកិច្ចប្រជុំ GBC។ កម្ពុជាសូមសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្កើតបរិយាកាស អំណោយផលដល់ដំណើរការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្តិវិធី ។
ជាពិសេសតាមរយៈការបញ្ចៀសរាល់សកម្មភាពទាំងឡាយ ដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យើងទាំងសងខាង ដោយរង់ចាំរហូតដល់មានការសម្រេចចិត្តរបស់គណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែនគោក (JBC) នៃប្រទេស យើងទាំងពីរ៕

