កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យជាង ១០នាក់

ក្រុងប៉ោយប៉ែត៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ដែលពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស “កាប់យកម៉ូតូ” ៣ករណី នៅតំបន់ផ្សេងៗគ្នា ក្នុងក្រុងប៉ោយប៉ែត។

ករណីទី១

កើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ០២ និង ២៥នាទីយប់ នៅចំណុចការ៉ាស់សាំង “ឡាយ ឆៃលី” ជិតសាលាសង្កាត់អូរជ្រៅ ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិត បានប្រព្រឹត្តកាប់យកម៉ូតូជនរងគ្រោះចំនួន ១គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1R-8993។

ករណីទី២

កើតឡើងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១០និង៤០នាទីយប់ នៅខាងជើងភ្លើងស្តុបសានកូ ប្រហែល ១៥០ម៉ែត្រ។
ជនសង្ស័យជាច្រើននាក់ជាក្មេងទំនើង ប្រដាប់កាំបិត បានប្រព្រឹត្តកាប់យកម៉ូតូជនរងគ្រោះចំនួន ២គ្រឿង រួមមាន៖

ម៉ូតូ Honda Dream ឆ្នាំ២០១៩ ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AG-7471

ម៉ូតូ Honda Dream ឆ្នាំ២០២០ ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1V-0945

ករណីទី៣

កើតឡើងនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១យប់ នៅចំណុចមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។
ជនសង្ស័យចំនួន ៤នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយដាវមួយដើម បម្រុងប្រើកាប់ជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះរត់ចោលម៉ូតូ។
ម៉ូតូរបស់ជនរងគ្រោះគឺ Honda Dream ស៊េរីឆ្នាំ ២០២៥ ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ 1AD-9744។

ក្រោយសកម្មភាពបង្ក្រាប កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១០នាក់ ហើយកំពុងបន្តស្រាវជ្រាវរកបក្សពួក ដែលនៅរត់គេចខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *