(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារមូលដ្ឋានស្រុកកំពង់ស្វាយលើកទឹកចិត្តឱ្យអាជ្ញាធរ ខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយបេះដូងនិងឆន្ទះ។
លោកជំទាវ ឃួន ឃុនឌី ថ្លែងក្នុងពិធីជួបជាមួយអាជ្ញាធរឃុំនីពេជ ស្រុកកំពង់ស្វាយ ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២៥ ។
លោកជំទាវបានថ្លែងអំណរគុណនិងគាំទ្រទៅដល់អាជ្ញាធរឃុំនីពេជចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់ការបំពេញការងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាពនិងការរីកចម្រើន ហើយ ទទួលបានការគាំទ្រសំណាក់ប្រជាពលរដ្ឋ។
លោកជំទាវបានលើកទឹកចិត្តឱ្យអាជ្ញាធរឃុំបន្តខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងសហការគ្នាបន្តបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋដោយបេះដូង និងឆន្ទះឲ្យបានល្អ ជាពិសេសលើ ការងារអភិវឌ្ឍន៍ភូមិ ឃុំ ការងារឯកសារបែបបទពាក់ព័ន្ធជាមួយប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងរួមគ្នាក្នុងការ ចូលរួមពង្រឹងពង្រីកការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ប្រកបដោយសុឆន្ទៈ សមត្ថភាព គុណធម៌ និងចរិតលក្ខណៈថ្លៃថ្នូរ ក្នុងការបំពេញការងារ ដើម្បីអភិវឌ្ឍសហគមន៍ ភូមិ ឃុំ សង្កាត់ របស់ខ្លួន។
លោកជំទាវជំរុញដល់អាជ្ញាធរឃុំបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្សព្វផ្សាយពីវិនាសកម្មការប្រើប្រាស់គ្រឿងញៀន បញ្ហាគោរពច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាល្បែងស៊ីសង និងការដោះ ស្រាយបញ្ហាប្រឈមនៅមូលដ្ឋានបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ។
លោកជំទាវ ឃួន ឃុនឌី សូមឲ្យអាជ្ញាធរចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋពីការធ្វើអនាម័យឲ្យបានល្អ ដើម្បីជៀសវាង កើតមានជំងឺផ្សេងៗ និងត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំ ឲ្យលេងទឹកដើម្បីបង្ការ និងទប់ស្កាត់នូវ គ្រោះថ្នាក់ដល់អាយុជីវិត។

