ជំរំណងចាន់ស្ថិតនៅលើដីខ្មែរ សូម្បីទសវត្សរ៍ទី៨០ និង៩០…

  • ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ជំរំណងចាន់ស្ថិតនៅលើដីខ្មែរ ដែលជាជំរំដំបូងគេនិងធំជាងគេ ។ហើយអំឡុងទសវត្សរ៍ទី៨០ និង៩០ ទឹកដីនេះ ពុំមានប្រជាជន ឬទាហានថៃរស់នៅឡើយនិងមានប្រឡាយមួយ[ តាមពិតជាអូរឬស្សី.ដែលអូរនេះនាំទឹកពីតំបន់ខ្ពស់ចុះមកភូមិសាស្ត្រឃុំអូរបីជាន់ស្រុកអូរជ្រៅនិងសង្កាត់និមិត្ត សង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតបច្ចុប្បន្ន] ខណ្ឌចែកព្រំប្រទល់រវាងកម្ពុជានិងថៃ។

នេះ បើតាមប្រជាពលរដ្ឋដែលធ្លាប់បានទៅជំរំណងចាន់ ដែលបច្ចុប្បន្ន នេះ ភាគីថៃ កំពុងទាមទារ។
លោកណាត អាយុ ៦០ឆ្នាំ មានទីលំនៅក្នុងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យដែលធ្លាប់បានរស់នៅក្នុងជំរំ ចាស់ដែលមានទីតាំងនៅ មិនឆ្ងាយពីជំរំ ណងចាន់ បានប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ កន្លងមកថា : នៅក្នុងសម័យ សង្គ្រាម នាចុងរបបខ្មែរក្រហម នៅតាមបណ្តោយព្រំដែនមានជំរំ ជាច្រើនសម្រាប់ប្រជាជនជ្រកកោន ដែលជំរំទាំងនោះត្រូវបានសាងសង់លើទឹកដីខ្មែរ។
លោកនិយាយដូច្នេះថា ៖ «ឆ្នាំ១៩៧៩ ខ្ញុំទៅនៅជំរំចាស់[ម្តងុំជើងភ្នំឆ័ត្រភូមិតេជោភ្នំឆ័ត្រឃុំ/ស្រុកស្វាយចេកបច្ចុប្បន្ន] ហើយខ្ញុំបានទៅលេងជំរំណងចាន់នៅឆ្នាំ១៩៨២ ខ្ញុំទៅទីនោះឃើញមានតែប្រជាពលរដ្ឋយើងទេ និងពួកUN [ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) ដែលជួយស្បៀង ជួយថ្នាំពេទ្យដល់ ប្រជាជនភៀសខ្លួនយើង ហើយគ្មានប្រជាជនថៃអីរស់នៅកន្លែងហ្នឹងទេ។
ប្រជាជនយើងរស់នៅលើដីយើងទាំងអស់តាំងពីជំរំណងចាន់ ជំរំចាស់ ជំរំថ្មី ជំរុំចម្ការគរ ជំរំភ្នំឆ័ត្រ ព្រៃមាន់ សុទ្ធសឹងតែស្ថិតនៅលើដីខ្មែរ»។

លោកបន្តថា : លុះដល់ឆ្នាំ១៩៨៣ កងទ័ពសាធាររណរដ្ឋប្រជាមានិតកម្ពុជា[ទាហានហេង សំរិន] និងកងទ័ពសម្ព័ន្ធមិត្ត បានវាយប្រហារ យ៉ាងខ្លាំងក្លាកាន់កាប់តំបន់ជំរំជាច្រើនតាមបណ្តោយព្រំដែន ពេលនោះទើបប្រជាជនតាមជំរំបានរត់ ភៀស ខ្លួនទៅនៅជំរំនានាក្នុងទឹកដីថៃ ដូចជាជំរំខាវអ៊ីដាង ជំរំសាយបី ជំរំសាយធូ ជំរំសាយខេ ជាដើម ចំណែកជំរំណងចាន់ត្រូវបានបិទជាស្ថាពរ នៅឆ្នាំ១៩៨៤។
ទាក់ទិននឹងការសម្គាល់ទឹកដីណងចាន់ជារបស់ខ្មែរ លោក ណាត បានរំឭកថា ក្នុងអំឡុងទសវត្សរ៍ទី៨០ តំបន់ណងចាន់ ពុំមានស្រែចម្ការអ្វីឡើយ និងជាភូមិសាស្ត្រមួយជាព្រៃរបោះតែប៉ុណ្ណោះ ។
ហើយមានទំនប់[ទំនប់យុទ្ធសាស្ត្រការពារព្រំដែនដែលថៃជីកតាំងពីស្រុកតាប្រាយ៉ាកាត់ អនុស្រុកគោកស៊ូងទៅស្រុកអារញប្រសាថេត ស្ថិតនៅខាងលិចប្រសាទស្តុកលើធំ] មួយសម្រាប់បែងចែកព្រំដែនកម្ពុជា-ថៃ ហើយប្រជាជន និងទាហានថៃ គឺរស់នៅផ្នែកម្ខាងទៀត តាមបណ្តោយប្រឡាយ និងទំនប់នេះឯង។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ស៊ីវ អេង អាយុ ៧៩ រស់នៅស្រុកអន្លង់វែងដែរ ដែលធ្លាប់បានទៅសួរសុខទុក្ខមិត្តភក្តិ និងបងប្អូនដែលជ្រកក្រោននៅជំរំណងចាន់បានរំឭកថា : ជំរំណងចាន់ស្ថិតនៅក្នុងទឹកដីខ្មែរ ហើយជំរំនេះមានតែប្រជាជនខ្មែរ រស់នៅ និងក្រុមការងារ UN ដែលចុះមកជួយ ដ្បិតក្នុងប្រទេសកំពុងតែសង្គ្រាមស៊ីវិល ។
ចំណែកជនជាតិថៃពុំមានវត្តមាន ឬរស់នៅក្នុងតំបន់នេះឡើយ។
អ្នកស្រី ស៊ីវ អេង បន្តថា : ក្រោយពីជំរំណងចាន់ត្រូវបានបិទ ពេលនោះហើយប្រហែលជាប្រជាជន និងទាហានថៃបានចូលក្នុងតំបន់នោះ ប៉ុន្តែនៅជំរំណងចាន់ ក៏នៅតែមានវត្តមានទាហានខ្មែរឈរជើង ដដែលផងដែរ។

លោកស្រីបញ្ជាក់ថា ៖ «ជំរំហ្នឹងជាជំរំដីខ្មែរយើង ប៉ុន្តែពេលយើងបិទជំរំ ប្រជាជនយើងចេញទៅអស់ តែយើងក៏មានមនុស្ស មានទ័ពមានអីដែរតើ ព្រោះពេលប្រជាជនចេញអស់ គេយកកងទ័ពទៅដាក់ឈរ ជើងនៅជំរំហ្នឹង ហើយពេលនោះបានថៃចូលមកតាមក្រោយ»។

ដោយធ្លាប់បាន ឃើញផ្ទាល់ភ្នែក និងជាន់ដីនៅតំបន់ណងចាន់ដែលជាទឹកដីរបស់ខ្មែរ ស្រី្តអាយុ ៧៩ឆ្នាំខាងរូប នេះ បានបង្ហាញពីឆន្ទៈ ក្នុងការការពារទឹកដីខ្មែរឱ្យខាងតែបាន។
«ចំពោះបុគ្គលខ្ញុំវិញ ខ្ញុំតាំងចិត្តអត់ឱ្យដីនេះទៅថៃដាច់ខាត ទោះត្រូវដាច់ដៃ ដាច់ជើងម៉េចក៏ដោយ អត់ឱ្យដីនេះ ព្រោះដីនេះដីខ្មែរ»។
នេះជា សម្ដី អ្នកស្រី ស៊ីវ អេង ។
ចំណែកលោក ណាត អាយុ៦០ឆ្នាំ បង្ហាញពីការតូចចិត្តនិងហួសចិត្តចំពោះការទាមទាររបស់ថៃចង់យកទឹកដីនៅតំបន់ណងចាន់ នេះ ពី ព្រោះទឹកដីនេះ លោកធ្លាប់បានរស់នៅនិងទៅលេងទីនោះផ្ទាល់។
លោកចាត់ទុកថា ការសាមគ្គីគ្នានៃកម្លាំងប្រជាពលរដ្ឋគឺជាចំណុចល្អបំផុត ក្នុងការការពារទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *