(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញដល់អាជ្ញាធរឃុំ ត្រូវធ្វើការអភិវឌ្ឍឱ្យសមស្របតាមភូមិសាស្ត្រជាក់ស្តែង និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំ នៅសាលាឃុំបន្ទាយស្ទោង កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
លោកបានបន្ថែមថា សំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសប្រព័ន្ធធារាសាស្ត្រ ផ្លូវលំ និងផ្លូវក្រាលក្រួសក្រហម គឺជាតម្រូវការអាទិភាព។ លោកបានសង្កត់ធ្ងន់លើការសាងសង់លូជ្រុងដែលមានទំហំធំរឹងមាំ និងមានគុណភាព ដើម្បីអាចបំពាក់ទ្វារទឹក សម្រាប់គ្រប់គ្រងការស្តុកទឹកទុកប្រើប្រាស់ក្នុងវិស័យកសិកម្ម និងរំដោះទឹកជំនន់មិនឱ្យជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកក៏បានណែនាំដល់អាជ្ញាធរឃុំបន្ទាយស្ទោង ឱ្យសហការជាមួយពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីពង្រីកផ្លូវសាធារណៈឱ្យធំទូលាយ មានគ្រឹះរឹងមាំ និងស្របតាមប្លង់កំណត់របស់អាជ្ញាធរសុរិយោដី ដើម្បីធានាគុណភាព និងប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះ លោកបានកោតសរសើរក្រុមហ៊ុន វង់ សុខហេង ដែលបានឈ្នះការដេញថ្លៃយ៉ាងរលូន និងតម្លាភាព ក្រោមក្រសែភ្នែកសាធារណជន និងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។
សូមបញ្ជាក់ថា គម្រោងដែលបានដេញថ្លៃនេះ គឺជាការសាងសង់ផ្លូវក្រាលក្រួសក្រហម ប្រវែង ១,១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ព្រមទាំងលូ ១កន្លែង និងស្លាកគម្រោង ១ផ្ទាំង។

