ដោយ : ភ្នំធំ / ភ្នំពេញ :នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បើកប្រជុំជាមួយបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពន្យល់ពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីតំណាង៣០ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន ៦ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។
ការកោះប្រជុំនោះ ធ្វើឡើងក្រោយពីក្រសួងការបរទេសកម្ពុជា មើលឃើញពីការព្រួយបារម្ភជាខ្លាំងចំពោះការរាយការណ៍ និងផ្សាយខុសពីការពិតរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ និង ទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែតថៃធំៗ បានផ្សាយថា ប្រជាពលរដ្ឋខ្មែរកំពុងតែ ឈ្លានពានទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខ នឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃលើកបញ្ហានេះមកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលគ្រោងនឹងជួបគ្នានៅខែក្រោយ ។
និងបន្តបញ្ជាក់សារជាថ្មីម្តងទៀត ពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពចំពោះរាល់វិវាទ ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាគោលជំហររបស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការ ប្រើកម្លាំងនោះទេ៕

