តំណាងក្រសួងការពារជាតិសួរសុខទុក្ខពលទហានរបួសភ្នែកដោយសារ ប៉ះទង្គិចគ្នារវាងកងកម្លាំងថៃនៅភូមិព្រៃចាន់

ដោយ : ភ្នំធំ / ភ្នំពេញ :នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ តំណាងក្រសួងការពារជាតិបានចុះសួរសុខទុក្ខនិងនាំយកថវិកាមួយចំនួនដែលជាអំណោយរបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់ ពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកខាងស្តាំធ្ងន់ធ្ងរ ។

គឺក្នុងអំឡុងពេលបំពេញភារកិច្ច ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល និងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូ នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ។

.យោងក្រុមគ្រូពេទ្យ បាននឹងក្រោយទទួលការព្យាបាលនៅមន្ទីរពេទ្យអង្គឌួង កែវភ្នែករបស់វីរជន ម៉ន ភ័ត្រា បានរួចផុតពីហានិភ័យហើយ ។ក្រុមគ្រួសារនិងសាម៉ីខ្លួនសូមអរគុណលោកគ្រូពេទ្យ និងថ្នាក់ដឹកនាំ ក៏ដូចជាពលរដ្ឋ កងកម្លាំងជួយសង្គ្រោះនិងបញ្ជូនមកពេទ្យជំនាញ ។

ករណីពាក់ព័ន្ធ គ្រូពេទ្យកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ សួន វណ្ណ ដែលរងគ្រោះដោយគ្រាប់បែកផ្សែង បង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ខណៈលោក សួន វណ្ណ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមង្គលបុរី ខេត្តបន្ទាយមានជ័យ។
សូមរម្លឹកថា ការប៉ះទង្គិចកាលពីថ្ងៃម្សិលមិញដោយទាហានថៃបានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសម្លេងខ្លាំង ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ចំនួន ២៩អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល ៕

Leave a Reply

Your email address will not be published. Required fields are marked *