ដោយ : ភ្នំធំ / ភ្នំពេញ:សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ កញ្ញានេះ បានផ្ញើសារលិខិតជូន ប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកជាច្រើនរូបផ្សេងទៀត ក្នុងនោះរួមមាន លោក ស៊ី ជីងពីង ប្រធានាធិបតីចិន, លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ,លោក អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង,លោក អង់តូនីញ ហ្គោតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និង លោកស្រី អាណាលេណា បេណាបក ប្រធានមហា សន្និបាតអង្គការសប្រជាជាតិលើកទី៨០ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ កម្ពុជា-ថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
ក្នុងលិខិតនោះ សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១២សីហាឆ្នាំ២០២៥ កម្លាំងថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួសបន្លាដាក់របាំងឃាំចេញឱសានវាទបណ្តេញពលរដ្ឋខ្មែរចេញពីដីលំនៅឋានដែលពួកគេរស់នៅជាយូរណាស់មកហើយ។បន្ថែមពីនេះ អ្នកនាំពាក្យយោធាថៃ បានគំរាមធ្វើការបណ្តេញចេញថែមទៀតនាពេលខាងមុខដ៏ខ្លីដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារដែលមានសមាជិកសរុបប្រមាណជាង១០០០នាក់។
ដោយឡែកផ្នែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីនៅទីតាំង១៧ ផ្សេងទៀតនៅក្នុងតំបន់ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុងដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតីប្រទេសកម្ពុជា។សកម្មភាពនេះ យោធាថៃផ្អែកលើផែនទីខ្នាត ១/៥០,០០០ ដែលគូសដោយឯកតោភាគីដែលផ្ទុយពីផែនទីខ្នាត១/២០,០០០ ដែលបានព្រមព្រៀងគ្នា និងទទួលស្គាល់ដោយអន្តរជាតិ៕

