(កំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងភរិយា ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងភរិយា បានដឹកនាំសហការី អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងកងកម្លាំងទាំងបី ចូលរួមសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៨ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តស្រែក្រសាំងមានជ័យ។ ពិធីនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោក សាយ គឹមឡម បានលើកឡើងថា ការចូលរួមនេះគឺដើម្បីបន្តថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់ ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងពុទ្ធចក្រនិងអាណាចក្រ។ លោកអភិបាលស្រុកក៏បានបន្ថែមទៀតថា ការចូលរួមនេះគឺជាការរួមចំណែកក្នុងការការពារព្រះពុទ្ធសាសនាឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍវត្តអារាមនានានៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើន។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពុទ្ធបរិស័ទជិតឆ្ងាយ និងក្រុមសប្បុរសជនដឹកនាំដោយលោក ថេង ណាល់ និងភរិយា ដែលតែងតែជួយឧបត្ថម្ភគាំទ្រក្នុងការកសាងវត្តស្រែក្រសាំង ដែលជាវត្តមួយដ៏ក្មេងខ្ចីនៅឃុំពពក និងកំពុងមានការអភិវឌ្ឍយឺត។ លោកក៏បានអំពាវនាវបន្តឱ្យមានការចូលរួមជ្រោមជ្រែងដើម្បីឱ្យវត្តនេះមានភាពរីកចម្រើនជាលំដាប់ដូចវត្តអារាមដទៃទៀត។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីនោះ លោកអភិបាលស្រុកបានប្រគេនទេយ្យទាន សាដក់ និងបច្ច័យចំនួន ១លានរៀលដល់ព្រះសង្ឃ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចែកជូនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់លោកតាលោកយាយ ប្រជាការពារ កុមារាកុមារីប្រមាណជាង ២០០នាក់ផងដែរ។ ចំណែកឯក្រុមសប្បុរសជន ក៏បានប្រគេនសាដក់ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈដល់ព្រះសង្ឃ ដែលចំណាយថវិកាសរុបចំនួន ១,៥៦៨,០០០រៀល និងបានចែកអំពូលភ្លើងជាង ៣០០អំពូលដល់អ្នកចូលរួមក្នុងពិធីផងដែរ។

