ដោយ : ភ្នំធំ / ភ្នំពេញ :លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ នៅវិទ្យាល័យបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីវេលាម៉ោង១៨៖០០នានី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។
សពលោកគ្រូត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ678 ផ្លូវ79BT2 សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ភ្លាមៗ ក្រោយពេលបានទទួលដំណឹងដ៏ក្រៀមក្រំនេះ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក មួយក្រុម អតីតលោកគ្រូ អ្នកគ្រូ រួមមានទាំងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរួមគ្នាចូលរួមជាថវិកាតាមសទ្ធារៀងៗខ្លួន ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកគ្រូ ស្រេង ផល្លា និងសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
កាយវិការ ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ ដែលបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នាគ្រប់គ្រាលំបាក” ៕

