(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំក្រុមការងារ កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន ចូលរួមសូត្រមន្តវេនបិណ្ឌទី៤ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តឃ្លាំងខ្មូត ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥។
លោកអភិបាលស្រុកបានឱ្យដឹងថា ការចូលរួមពិធីកាន់បិណ្ឌនេះ គឺដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងពង្រឹងចំណងមិត្តភាពរវាងអាណាចក្រ និងពុទ្ធចក្រ។ ជាពិសេស គឺដើម្បីពង្រឹងទំនាក់ទំនងល្អរវាងរដ្ឋបាលស្រុកស្ទោង ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងព្រះសង្ឃ។
លោកបន្តថា ការចូលរួមនេះក៏ជាការសន្សំកុសលផលបុណ្យ ហើយក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ បុព្វការីជន និងវីរយុទ្ធជនដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកស្ទោងបានប្រគេនបច្ច័យ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងទេយ្យទានមួយចំនួនដល់ព្រះសង្ឃ និងបានចែកអំណោយដល់តាជី យាយជីជិត ២០០នាក់ ដែលបានចូលរួមក្នុងពិធីផងដែរ។

