អភិបាលស្រុកស្ទោង លើកទឹកចិត្តសិស្សានុសិស្សកុំយកបញ្ហាជីវភាពមកបង្អាក់ការសិក្សា និងអំពាវនាវឱ្យបន្តគាំទ្រផលិតផលក្នុងស្រុក

​(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានជំរុញឱ្យសិស្សានុសិស្សខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាព ដោយមិនត្រូវយកកត្តាជីវភាពធ្វើជាឧបសគ្គមករារាំងដល់ការក្រេបជញ្ជក់ចំណេះដឹង ដែលនាំឱ្យប៉ះពាល់ដល់ជោគវាសនាអនាគតរបស់ខ្លួនឡើយ។
​ការលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលស្រុក និងសហការី អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងការអប់រំសីលធម៌ ចរិយាធម៌ ដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន រុងរឿង ស្ថិតក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
​ក្នុងពិធីដ៏មានអត្ថន័យនោះ លោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា សិស្សានុសិស្សគ្រប់រូបត្រូវមានចក្ខុវិស័យឱ្យបានវែងឆ្ងាយ និងច្បាស់លាស់ ជាពិសេសត្រូវត្រៀមខ្លួនឱ្យបានមាំទាំបំផុតមុនឈានជើងចូលរៀននៅកម្រិតមហាវិទ្យាល័យ ឬសាលាវិជ្ជាជីវៈឯកទេស។ លោកបានបន្ថែមថា យុវជនត្រូវតែមានភាពវៃឆ្លាត និងចេះបត់បែនគ្រប់កាលៈទេសៈ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល។
​ទន្ទឹមនឹងនោះ លោកអភិបាលស្រុកក៏បានឆ្លៀតឱកាសអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជន ឱ្យបន្តរួមគ្នាលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។
​លោក សាយ គឹមឡម ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយទទួលបានការអប់រំសីលធម៌ និងចរិយាធម៌នេះ សិស្សានុសិស្សនឹងអភិវឌ្ឍខ្លួនក្លាយជាយុវជនគំរូ ចៀសឆ្ងាយពីអបាយមុខផ្សេងៗ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯង និងសង្គមជាតិ។
​សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ លោកអភិបាលស្រុក និងសហការី ក៏បានចូលរួមវិភាគទានជាបច្ច័យចំនួន ៤,៧០០,០០០រៀល និង ១០០ដុល្លារសហរដ្ឋអាមេរិក ទុកសម្រាប់ប្រើប្រាស់ក្នុងកិច្ចការសាលារៀនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *