ខេត្តកំពង់ឆ្នាំង៖ សាធារណជន និងអ្នកឃ្លាំមើល កំពុងដាក់មន្ទិលលើតម្លាភាពនៃការត្រួតពិនិត្យបច្ចេកទេស បន្ទាប់ពីអាជ្ញាធរសង្កាត់ផ្សារឆ្នាំង បានសម្រេចវាយតម្លៃបិទបញ្ចប់គម្រោងជួសជុលផ្លូវក្រួសក្រហម ១០០% ឱ្យក្រុមហ៊ុន «ប៉ូច ក្វាត់» ខណៈដែលស្ថានភាពជាក់ស្តែង ផ្លូវមួយចំនួនបង្ហាញភាពប៉ប៉ិចប៉ប៉ាច់ និងប្រេះស្រុតនៅឡើយ។
ពិធីវាយតម្លៃបិទបញ្ចប់គម្រោងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ទោះបីមានការកត់សម្គាល់ថា គុណភាពផ្លូវមិនទាន់ឆ្លើយតបតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ក្នុងកិច្ចសន្យាក៏ដោយ។
ជុំវិញបញ្ហានេះ លោក ហង្ស ពិសី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ឆ្នាំង បានបញ្ជាក់យ៉ាងច្បាស់ថា៖ «សម្រាប់រូបលោក ផ្លូវដែលមានភាពប៉បិចប៉ប៉ាច់ និងកន្លែងខ្លះប្រេះស្រុត គឺមិនអាចទទួលយកបាននោះទេ»។ លោកបានសង្កត់ធ្ងន់ថា នេះជាថវិកាមូលនិធិឃុំសង្កាត់ បើអាជ្ញាធរម្ចាស់គម្រោងមិនពិនិត្យឱ្យច្បាស់លាស់ ហើយបែរជាទទួលយកការបិទគម្រោងទាំងផ្លូវមិនទាន់ស្អាត គឺជាការទទួលខុសត្រូវរបស់មូលដ្ឋាន។ លោកបន្ថែមថា បើមានភ្លៀងធ្លាក់មកធ្វើឱ្យផ្លូវខូច អាជ្ញាធរត្រូវបង្គាប់ឱ្យក្រុមហ៊ុនមកអ៊ុតកិនឱ្យស្អាតសិន ទើបអាចបិទគម្រោងបាន។
ដោយឡែក លោកស្រី កុល ធាវ័ន្ត នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត ក៏បានរំឮកដែរថា ចាប់ពីថ្ងៃបិទគម្រោងនេះទៅ ក្រុមហ៊ុននៅមានកាតព្វកិច្ចធានាសុពលភាពរយៈពេល ៦ខែទៀត។ ប្រសិនបើមានការខូចខាតក្នុងអំឡុងពេលនេះ ក្រុមហ៊ុនត្រូវតែមកជួសជុលឡើងវិញជាដាច់ខាត តាមការជូនដំណឹងរបស់ភូមិ-ឃុំ។
ផ្ទុយពីការលើកឡើងខាងលើ លោក ហួត វ៉ន ចៅសង្កាត់ស្តីទីសង្កាត់ផ្សារឆ្នាំង បែរជាអះអាងក្នុងពិធីបិទគម្រោងថា ការស្ថាបនាផ្លូវក្រួសក្រហមប្រវែង ៨,៨០៤ម៉ែត្រ (ទទឹង ៦ម៉ែត្រ) នេះ គឺបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ១០០% ហើយ។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវ និងរាយការណ៍មកអាជ្ញាធរ ប្រសិនបើឃើញមានការខូចខាត ដើម្បីដោះស្រាយភ្លាមៗ។
គួរបញ្ជាក់ថា ករណីមិនប្រក្រតីនៃគុណភាពផ្លូវមូលនិធិឃុំសង្កាត់ តែងតែជាកង្វល់ចម្បងរបស់ប្រជាពលរដ្ឋ។ កន្លងមក រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ តែងតែដាក់ចេញនូវវិធានការក្តៅ ដើម្បីពង្រឹងតម្លាភាពក្នុងការដេញថ្លៃ និងការត្រួតពិនិត្យបច្ចេកទេសសំណង់ ដើម្បីធានាថាថវិកាជាតិត្រូវបានប្រើប្រាស់ចំគោលដៅ និងមានគុណភាពយូរអង្វែងជូនប្រជាពលរដ្ឋ៕

