លោកឧត្តមសេនីយ៍ទោ ហេង សុផល ចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដល់សិស្សនគរបាលភូមិភាគ ៤ ​

​(សៀមរាប)៖ នារសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ជូនដល់សិស្សនាយនគរបាល និងសិស្សនាយរងនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី ២០ លើកទី ១ នៅសាលានគរបាលជាតិភូមិភាគ ៤ ខេត្តសៀមរាប ដោយមានសិស្សចូលរួមសរុបចំនួន ១៦៨ នាក់។
​ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកពិតជាមានសេចក្តីសោមនស្សដែលបាននាំយកនូវបទពិសោធន៍ការងារល្អៗ ក្នុងអាជីពជាកងកម្លាំងនគរបាលជាតិ មកបង្ហាញដល់ប្អូនៗសិស្សនគរបាលទាំងអស់ ដើម្បីជាត្រីវិស័យសម្រាប់យកទៅអនុវត្តនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលរៀងៗខ្លួន ឱ្យសម្រេចបានជោគជ័យស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
​ប្រធានបទសំខាន់នៃបាឋកថានេះ គឺផ្តោតលើ «ការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយលោកស្នងការបានលើកយកលក្ខណៈសម្បត្តិទាំង ៧ យ៉ាងមកពន្យល់យ៉ាងលម្អិត រួមមាន៖
​១. សេវាសាធារណៈ៖ ផ្តល់សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២. សន្តិសុខ៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។
៣. សណ្តាប់ធ្នាប់៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤. សង្គម៖ គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស (ស្ត្រី-កុមារ) គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥. ការដោះស្រាយវិវាទ៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព។
៦. បរិស្ថាន៖ មានអនាម័យ សោភ័ណភាព និងបរិស្ថានល្អ។
៧. គ្រោះមហន្តរាយ៖ ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតផ្សេងៗ។
​ជាការផ្ដាំផ្ញើ លោកស្នងការបានសង្កត់ធ្ងន់ថា ដើម្បីក្លាយជាមន្ត្រីនគរបាលដ៏ល្អនាពេលអនាគត ប្អូនៗត្រូវប្រកាន់ខ្ជាប់នូវវិន័យកងកម្លាំង ពង្រឹងរបៀបរបបការងារ បន្តសិក្សារៀនសូត្រទាំងចំណេះដឹងទូទៅ ភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មាន។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
​ក្នុងឱកាសបិទកម្មវិធី លោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិស្សនគរបាលចំនួន ៣,៦១០,០០០ រៀល និងជួយដល់សាលានគរបាលភូមិភាគ ៤ ចំនួន ២,០០០,០០០ រៀល សរុបថវិកាឧបត្ថម្ភទាំងអស់ចំនួន ៥,៦១០,០០០ រៀល ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *