(កំពង់ឆ្នាំង)៖ នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២៦ សាលាពុទ្ធិកសិក្សាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ជាផ្លូវការ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។
ពិធីនេះក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ឥស្សរជនសំខាន់ៗ រួមមាន៖
ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង
ឯកឧត្តម ពៅ ប៊ុនថន សមាជិកក្រុមប្រឹក្សាខេត្ត
លោកស្រី ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
ព្រមទាំងមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម តាមបណ្តាក្រុង-ស្រុក និងសមណសិស្សជាច្រើនអង្គ/រូបផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គពិធីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យពុទ្ធិកសិក្សា ក្នុងការបណ្តុះបណ្តាលធនធានសង្ឃ និងគ្រហស្ថ ឱ្យមានចំណេះដឹងជ្រៅជ្រះទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងលើកកម្ពស់សីលធម៌តាមបែបព្រះពុទ្ធសាសនា។
ការបើកបវេសនកាលថ្មីនេះ ជាការចាប់ផ្តើមនៃដំណើរការអប់រំក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ដែលសាលាពុទ្ធិកសិក្សានៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រៀមខ្លួនជាស្រេចក្នុងការទទួលសមណសិស្ស-សិស្សានុសិស្ស មកក្រេបជញ្ជក់ចំណេះដឹងក្នុងបរិយាកាសសិក្សាប្រកបដោយគុណភាព និងសេចក្តីថ្លៃថ្នូរ៕ដោយ អ៊ួង សុផាត

