ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី មុំ ពុទ្ធីតា ពីអភិបាលរងខេត្តឧត្តរមានជ័យចូលមកបំពេញការងារក្នុងមុខងារនិងតួនាទីជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក ស្រី រស់ សុផានី ពីអភិបាលរងខេត្តបន្ទាយមានជ័យដែលត្រូវផ្លាស់ប្តូរទៅបំរេីការក្នុងមុខងារនិងតួនាទីជាអភិបាលរងខេត្ត ឧត្តរមានជ័យដែរ។
ពោលគឺជាសំណាងនិងឱកាសដ៏កម្រមួយដែលតំណែងអភិបាលរងជាស្ត្រីនៃខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យត្រូវផ្លាស់ប្តូរកៅអីគ្នាអង្គុយធ្វើការងារ បន្ទាប់ពីផុត២អាណត្តិរបស់លោកស្រីរស់ សុផានី និងលោកស្រីមុំ ពុទ្ធីតា ហើយអភិបាលនៃគណ:អភិបាលខេត្តទាំងពីរ ក្រសួងមហាផ្ទៃ ជាពិសេសរាជរដ្ឋាភិបាលបានឯកភាពចំពោះការតែងតាំងនិងផ្លាស់ប្តូរនេះ ។
ពិធីកាលពីថ្មីៗនាខែមិថុនាឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណេីរ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្ត ព្រមទាំងមានថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ អភិបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធ ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានស្វាគមន៍និងរាការណ៍សង្ខេបជូនអង្គពិធីអំពីស្ថានភាពទូទៅនៃខេត្ត ក៏ដូចជាជូនពរ ជូនដំណើរលោកស្រីរស់ សុផានីនិងស្វាគមន៍លោកមុំ ពុទ្ធីតា ។
លោកស្រីជាអភិបាលរងខេត្តថ្មីបានប្តេជ្ញាចិត្តថានឹងរឹងរឹតតែខិតខំបំពេញការងារអោយបានលទ្ធផលល្អ មានប្រសិទ្ធិភាព និងប្រកបដោយការទទួលខុសត្រូវ ។
លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំការងារមួយចំនួននិងសង្ឃឹមថា មន្ត្រីទទួលបានភារកិច្ចនិងតំណែងដដែល តែនៅខេត្តថ្មីនឹងសម្រេចបានស្នាដៃ លទ្ធផលការងារដូចដែលថ្នាក់លើជឿទុកចិត្តនិងថ្នាក់ក្រោមផ្តល់ជូន ព្រមទាំងដូចដែលបានប្តេជ្ញាចិត្ត ៕

