ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅស្រុកស្ទោង មិនសុខចិត្តចំពោះបុគ្គលម្នាក់ដែលរំលោភយកផ្លូវលំសាធារណៈធ្វើជាកម្មសិទ្ធិ


​(កំពង់ធំ)៖ ប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរភូមិ-ឃុំ ស្ថិតក្នុងភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានសម្តែងការមិនសុខចិត្តយ៉ាងខ្លាំង និងបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំ ដើម្បីជួយផ្សព្វផ្សាយ និងគោរពស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ជុំវិញករណីបុគ្គលឈ្មោះ ឈួន ចាន់ថន ដែលបានរំលោភយកដីផ្លូវលំសាធារណៈតាំងពីបុរាណមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន (មេភូមិ និងមេឃុំ) បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះថា បុគ្គលឈ្មោះ ឈួន ចាន់ថន ដែលរងការចោទប្រកាន់ថាអាងមានលុយ និងអំណាច បានធ្វើរបងបិទផ្លូវលំចាស់ ដែលជាផ្លូវសាធារណៈសម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការដេញគោក្របី និងដឹកជញ្ជូនផលកសិកម្មពីតំបន់មួយទៅតំបន់មួយ។ ការបិទផ្លូវនេះ គឺដើម្បីឈូសឆាយដីព្រៃដែលមិនធ្លាប់មានការអាស្រ័យផលពីមុនមក ដែលមានផ្ទៃដីសរុបប្រមាណជាង ១០០ហិចតា។
​ទាក់ទិននឹងករណីនេះ លោកអភិបាលស្រុកស្ទោង បានបំភ្លឺប្រាប់អ្នកសារព័ត៌មានយើងថា ដីតំបន់នោះគឺមានប្លង់កម្មសិទ្ធិរួចហើយ ប៉ុន្តែរាល់ការឈូសឆាយត្រូវតែសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវជាមុនសិន។
​ដោយឡែក ឆ្លើយតបនឹងការលើកឡើងរឿងប្លង់ដីនេះ ទាំងលោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកគាត់មិនបានដឹងថាលោក ឈួន ចាន់ថន មានប្លង់ដីស្របច្បាប់ ឬយ៉ាងណានោះទេ ដោយសារអាជ្ញាធរខ្លះទើបតែឡើងកាន់តំណែងថ្មីថ្មោង។
​បច្ចុប្បន្ន ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិបវែង បានសំណូមពរយ៉ាងទទូចតាមរយៈប្រព័ន្ធផ្សព្វផ្សាយ សូមឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួយពិនិត្យ មើលស្រាវជ្រាវ និងជួយស្វែងរកដំណោះស្រាយសមស្រប ដើម្បីបើកផ្លូវលំសាធារណៈនេះជូនសហគមន៍វិញ ដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *