លោក ហាក់ ម៉ុងហួត នាំយកអំណោយកាកបាទក្រហម ចែកជូនពលរដ្ឋ ៨គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកតាំងគោក

​(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិចំនួន ៨គ្រួសារ មកពីភូមិចំនួន៣ ក្នុងឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
​យោងតាមរបាយការណ៍ ហេតុការណ៍ខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានភ្លៀងលាយឡំ និងខ្យល់បក់បោកខ្លាំង បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៨ខ្នង រងការខូចខាតកម្រិតស្រាល ដូចជា របើកដំបូលស័ង្កសី និងក្បឿង។
​ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក ហាក់ ម៉ុងហួត បានសម្តែងការសោកស្តាយជាខ្លាំងចំពោះការខូចខាតនេះ និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះគ្រប់ពេលវេលា ក្រោមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
​ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
​សម្ភារ និងថវិកាដែលបានចែកជូនរួមមាន៖
អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក ផ្តល់ជូនគ្រួសាររងគ្រោះទាំង ៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖
​អង្ករ ២៥គីឡូក្រាម
​មី ១កេស
​ត្រីខ ១យួរ
​ទឹកត្រី ១យួរ
​ទឹកស៊ីអ៊ីវ ១យួរ
​តង់ ១
​ថវិកាចំនួន ១៥០,០០០ រៀល។

Leave a Reply

Your email address will not be published. Required fields are marked *