ខេត្តកំពង់ធំ៖ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ប៉ឹក គីមសាន ប្រធានមន្ទីរសុខាភិបាល រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួបសំណេះសំណាលជាមួយលោកគ្រូខ្មែរបុរាណនៅក្នុងមូលដ្ឋាន ដើម្បីពាំនាំព័ត៌មានពាក់ព័ន្ធនឹងការចូលរួមផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ។
គោលបំណងសំខាន់ៗនៃការចុះសំណេះសំណាល៖
ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ៖ ដើម្បីជៀសវាងការបកស្រាយ «យល់ច្រឡំ» ដូចដែលបានកើតមាននៅក្នុងសហគមន៍នាពេលថ្មីៗនេះ។
ពង្រឹងកិច្ចសហការ៖ បង្កើនទំនាក់ទំនងរវាងវិស័យសុខាភិបាលនៅគ្រប់មូលដ្ឋាន (ទាំងសាធារណៈ និងឯកជន) ជាមួយគ្រូខ្មែរបុរាណ។
គាំទ្រនិងជ្រោមជ្រែង៖ រួមកម្លាំងគ្នាក្នុងទិសដៅតែមួយ គឺ «លើកកម្ពស់សុខភាព និងការពារសុវត្ថិភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង»។
នៅក្នុងឱកាសនោះដែរ ក្រុមការងារមន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ និងបានជម្រាបជូនលោកគ្រូខ្មែរបុរាណទាំងអស់ ឱ្យបន្តផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយក្តីស្រឡាញ់រាប់អាន។ ជាមួយគ្នានេះដែរ ត្រូវបន្តសហការជិតស្និទ្ធជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរ ដោយត្រូវ៖
«យកចិត្តទុកដាក់ និងតម្កល់អាយុជីវិតបងប្អូនអ្នកជំងឺជាចម្បង ដោយប្រើប្រាស់រាល់សមត្ថភាព និងលទ្ធភាពដែលមាន»។
ជាចុងក្រោយ ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក៏បានបញ្ជាក់ជូនបន្ថែម (ដូចមានចែងក្នុងលិខិតផ្សាយជាសាធារណៈ) ថា មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ បានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាថែទាំនិងព្យាបាលសុខភាព នៅជិតផ្ទះរបស់លោកអ្នកបំផុត៕

