​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងអំណរគុណចំពោះការរាយការណ៍ ដែលឈានទៅដល់ការកំណត់មុខសញ្ញាចាប់ខ្លួនមេខ្លោងបទល្មើសព្រៃឈើនៅព្រៃឡង់

​ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរពាក់ព័ន្ធ អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការរាយការណ៍ពីបទល្មើសធនធានធម្មជាតិ ដែលជាកាតាលីករដ៏សំខាន់ជួយឱ្យសមត្ថកិច្ចអនុវត្តច្បាប់ ឈានទៅបង្ក្រាប និងចាប់ខ្លួនមេខ្លោងកាប់ឈើខុសច្បាប់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
​ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្រុមការងារនៃអង្គការសង្គមស៊ីវិល ស្តីពីករណីកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែក្រោម ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។
​ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការចុះធ្វើការពិនិត្យ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉េង ដែលមានលំនៅដ្ឋាននៅភូមិស្រែវាល ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលជាមេខ្លោងនៃករណីកាប់ឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
​ការរួមចំណែកក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
​ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធជាមួយក្រសួងបរិស្ថាន គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការរុញច្រានការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឱ្យទទួលបានជោគជ័យ ជាពិសេសវិធានការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាការគ្រប់គ្រង និងអភិរក្សបរិស្ថានឱ្យមានប្រសិទ្ធភាព សំដៅបង្កើនគម្របបៃតងសម្រាប់កូនចៅជំនាន់ក្រោយ។
​ការអំពាវនាវ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន អ្នកសារព័ត៌មាន អង្គការដៃគូ សមាគមអង្គការសង្គមស៊ីវិល និងសាធារណជនទាំងអស់ ឱ្យបន្តចូលរួមសហការ ចែករំលែក និងរាយការណ៍ព័ត៌មានជាបន្តបន្ទាប់ពីបទល្មើសធនធានធម្មជាតិ ដើម្បីជួយឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចអ្នកអនុវត្តច្បាប់ អាចចុះបង្ក្រាបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

Leave a Reply

Your email address will not be published. Required fields are marked *