ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីជិះកង់ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» យ៉ាងគគ្រឹកគគ្រេង មានសមាសភាពចម្រុះចូលរួមយ៉ាងផុលផុសទោះក្នុងស្ថានភាពដូច្នេះ។
យុទ្ធនាការមានគោលបំណងកៀគរ រៃអង្គាសថវិកាចូលរួមគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា ។
និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ផងដែរ ។
យុទ្ធនាការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី អ៊ុំ រាត្រី លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព មេបញ្ចាការ មេបញ្ជាការរង ស្នងការ ស្នងការង ជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សហគ្រិន អាជីវករ លោកគ្រូ-អ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវជន កុមារ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន
ក្នុងនោះមានអ្នកជិះកង់មកចូលរួមដោយក្តីរីករាយ សប្បាយ និងពោរពេញដោយទឹកចិត្តសប្បុរសធម៌។
បើតាមអ្នករៀបចំ យុទ្ធនាការនេះ មិនត្រឹមតែជាការចូលរួមលើកកម្ពស់សុខភាព និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលនាជាតិមួយដ៏មានសារៈសំខាន់ ក្នុងការប្រមូលនូវថវិកាពីសប្បុរសជនគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទ្រទ្រង់និងរក្សានូវកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៤នៅកម្ពុជា ។
នាឱកាសនោះ លោកអ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួន មកចូលរួមក្នុងយុទ្ធនាការនេះ។
បន្ថែមលើនោះ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា : ការបំផុសស្មារតី «ខ្មែរជួយខ្មែរ» «ថវិកា ១ម៉ឺនរៀល របស់បងប្អូនម្នាក់ៗ មើលទៅហាក់ដូចជាតូចតាច ប៉ុន្តែបើរួមគ្នារាប់ម៉ឺន ភពផែនដី វានឹងក្លាយជាចរន្តថវិកាដ៏មហាសាល។
លោកអ៊ុំ រាត្រី មានប្រសាសន៍បន្តទៀតថា: មន្ទីរពេទ្យគន្ធបុប្ផាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពរបស់កុមារនៅកម្ពុជា។
ការចូលរួមម្នាក់ ១ម៉ឺនរៀល នាពេលនេះ គឺស្មើនឹងការចូលរួមផ្តល់ស្នាមញញឹម និងសង្គ្រោះជីវិតកុមារដែលជាកូនចៅរបស់យើង។
លោក អ៊ុំ រាត្រី បានអំពាវនាវដល់សប្បុរសជន វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តបន្ទាយមានជ័យ ឱ្យបន្តចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាជាបន្តបន្ទាប់ទៀត ដើម្បីធានាថា មន្ទីរពេទ្យនេះមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តបេសកកម្មដ៏បរិសុទ្ធរបស់ខ្លួនតទៅមុខទៀត៕

