(កំពង់ធំ)៖ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង បានលើកឡើងថា ការឧបត្ថម្ភគាំពារថវិកាបេឡាមរណសង្គ្រោះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក សាយ គឹមឡម និងសហការី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសពអតីតយុទ្ធជន ១គ្រួសារ ស្ថិតនៅក្នុងភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។
លោកប្រធានសមាគមស្រុក បានសង្កត់ធ្ងន់ថា ជានិច្ចជាកាល សម្ដេចតេជោ ហ៊ុន សែន តែងតែឧបត្ថម្ភថវិកាបេឡាមរណសង្គ្រោះ ដើម្បីជាការតបស្នងសងគុណមិនអាចកាត់ថ្លៃបាន ជូនដល់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូប ព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់ និងពលីសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ សុខសន្តិភាព និងការពារបូរណភាពទឹកដីពីសង្គ្រាមឈ្លានពាន។
ជាមួយគ្នានេះ លោក សាយ គឹមឡម ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាព នៃស្ថានការណ៍ព្រំដែន និងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវមានការជឿជាក់ខ្ពស់បំផុតលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដោយប្រើប្រាស់គ្រប់មធ្យោបាយ ទាំងផ្លូវច្បាប់ និងការទូត ដើម្បីធានានូវសុខសន្តិភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់ទៅសត្រូវណាមួយឡើយ ព្រមទាំងបន្តគាំទ្រវិធានការនានារបស់រាជរដ្ឋាភិបាល។
លើសពីនេះ លោកបានណែនាំដល់អាជ្ញាធរឃុំ ត្រូវពិនិត្យតាមដាន និងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ក្រុមគ្រួសារ និងប្រជាពលរដ្ឋទូទៅឱ្យបានហ្មត់ចត់បំផុត ជាពិសេសគ្រួសារដែលងាយរងហានិភ័យ។ ក្នុងករណីចាំបាច់ ត្រូវធ្វើរបាយការណ៍មកស្រុកជាបន្ទាន់ ដើម្បីធានាដល់ការជួយសង្គ្រោះបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា គ្រួសារសមាគមអតីតយុទ្ធជន និងនិវត្តជន ដែលទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ក្នុងឱកាសនោះ គឺគ្រួសារសពលោក ជួន សំបុក ភេទប្រុស (ប្រភេទពិការ) រស់នៅភូមិសំបួរ ឃុំពពក ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ៕

