មន្រ្តីថៃ៤រូបរងរបួសដោយសារក្រុមផ្តាច់ខ្លួនបំផ្ទុះគ្រាប់បែកពេលយប់ថ្ងៃ​អង្គារនៅភាគខាងត្បូងថៃ

ដោយ : ភ្នំធំ / ណារ៉ាធីវ៉ាត់-ថៃ:មានការបំផ្ទុះគ្រាប់បែក បាន​កើតឡើងសូរ​ដូចផ្គរលាន់​ដែល​ធ្វើ​ឱ្យ​កក្រើក​តំបន់​ជុំវិញ ។
មន្ត្រី​ការពារ​ស្ម័គ្រចិត្ត​បី​នាក់​បាន​រង​របួស​ស្រាល ដែល​ភាគច្រើន​គឺខូចត្រចៀក​ពី​ការ​ប៉ះ​ពាល់​នៃ​ការ​ផ្ទុះ។ ភ្លាមៗនោះ មន្ត្រីជាង១០នាក់ ដែលឈរជើងនៅមូលដ្ឋាន បានបើកការបាញ់ប្រហារទៅលើអ្នកវាយប្រហារ ប៉ុន្តែជនល្មើសបានរត់គេចខ្លួន។

មន្រ្តីថៃ ៤ រូបរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្ត Pick up មួយដោយក្រុមផ្តាច់ខ្លួនថៃកាលពីវេលាយប់ថ្ងៃទី ២០ ខែ សីហាក្នុងតំបន់ភាគខាងត្បូងខេត្តណារ៉ាធីវ៉ាត់នៃប្រទេសថៃ។
នៅក្នុងវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពរបស់ថៃគេឃើញមានរថយន្តតូយ៉ូតា Pick up ពណ៌ខ្មៅ ផ្ទុកទៅដោយសារធាតុផ្ទុះ បានបើកទៅបុករបាំងបាវខ្សាច់ នៅប៉ុស្តិ៍ត្រួតពិនិត្យ បណ្តាលឲ្យមន្ត្រីស្ម័គ្រចិត្ត៤នាក់រងរបួសធ្ងន់ស្រាល។

យោងតាមកាសែតថៃក្នុងស្រុកគិតត្រឹមថ្ងៃទី ២១ ខែ សីហានេះប៉ុស្តិ៍ត្រួតពនិត្យដែលស្ថិតក្នុងឃុំខក់ម៉ាហ្វឿង ស្រុកតាកបៃ ខេត្តណារ៉ាធីវ៉ាត់ បានរងការខូចខាតជាខ្លាំងក្រោយពីមានក្រុមផ្តាច់ខ្លួនបានជិះឡានពេញទៅដោយគ្រឿងផ្ទុះបើកបំបុកនឹងបំផ្ទុះរថយន្ត។
អាជ្ញាធរថៃអះអាងថាក្រុមជនសង្ស័យបានរត់គេចក្រោយពីបានបើកបុកនឹងបំផ្ទុះកន្លែងត្រួតពនិត្យមួយនេះក្នុងពេលកើតហេតុ កម្លាំងមូលដ្ឋានបានបាញ់តបតទៅកាន់ក្រុមល្មើសវិញដើម្បីការពារកុំឱ្យមានការកើតឡើងសោកនាដកម្មបន្ថែមទៀត។

លោកផៃសាល នូសាង( Paisal Nusang ) មេបញ្ជាការយោធភូមិភាគទី៤ និងជាប្រធានបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងភូមិភាគទី៤ឆ្លើយតបបានបញ្ជាឱ្យគ្រប់អង្គភាពទាំងអស់រឹតបន្តឹងវិធានការស្ទាក់ចាប់ និងបិទផ្លូវរត់គេចខ្លួនរបស់ជនល្មើសជាពិសេសនៅតាមព្រំដែនថៃ-ម៉ាឡេស៊ី។

មេបញ្ជាការយោធភូមិភាគទី៤ បានចុះពិនិត្យតំបន់ ដើម្បីវាយតម្លៃការខូចខាត។ លោកក៏បានជំរុញឲ្យមន្ត្រីមូលដ្ឋានបង្កើនវិធានការសន្តិសុខដើម្បីទប់ស្កាត់កុំឲ្យមានឧបទ្ទវហេតុកើតឡើងម្តងទៀត។

គួរកត់សម្គាល់ថាតំបន់ភាគខាងត្បូងរបស់ថៃគឺខេត្តណារ៉ាធីវ៉ាត់តែងតែកើតមានហេតុការណ៍បំផ្ទុះគ្រាប់បែកជាញឹកញាប់ដោយសារតែនៅទីនោះសំបូរទៅដោយក្រុមចង់ផ្តាច់ខ្លួន នឹងផ្តាច់ទឹកដីចេញពីប្រទេសថៃ ។

តាមរបាយការណ៍ Deep South Watch នៅក្នុងចន្លោះខែមករា ឆ្នាំ ២០០៤ ដល់ខែមករា ឆ្នាំ ២០២៥ មានឧប្បត្តិហេតុសន្តិសុខចំនួន ២២,៩៦២ ដែលត្រូវបានកត់ត្រាដោយអង្គការឃ្លាំមើល ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៧,៦៨៣ នាក់ និងរបួស ១៤,៤១៥ នាក់ ដែលជារឿយៗតែងតែមានការសម្លាប់ និងបំផ្ទុះគ្រាប់បែកផ្សេងនៅភាគខាងត្បូងនៅប្រទេសថៃ។

លោក ថាក់ស៊ីន ក៏ធ្លាប់ជាអ្នកដែលដាក់ច្បាប់សន្តិសុខពិសេសក្នុងតំបន់ដែលនៅតែមានជាធរមានក្នុងតំបន់ក្រុមចង់ផ្តាច់ទឹកដីកំពុងតែរស់នៅដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ។
ច្បាប់អាជ្ញាសឹកត្រូវបានអនុម័តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០០៤ បន្តដោយក្រិត្យគ្រាអាសន្ននៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០០៤ ដោយផ្តល់សិទ្ធិអំណាចដល់យោធាក្នុងការឃុំខ្លួនជនសង្ស័យដែលចង់ផ្តាច់ទឹកដីមកសួរចម្លើយដោយគ្មានដីការហូតដល់ប្រាំពីរថ្ងៃ បើទោះបីជាមិនមានកំហុសជាក់ស្តែងក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *