ប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយលោក វ៉ាង យី និងលោកតុង ជុន នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃទី២២ខែមេសា នេះ ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២»

ដោយ : ភ្នំធំ – ភ្នំពេញ:រដ្ឋមន្ត្រីការក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិត
ចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិ លោក តុង ជុន នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៦ នេះ ដើម្បីចូលរួម កិច្ចប្រជុំលើកទី១នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

កម្ពុជាជាប្រទេសទី២ បន្ទាប់ពីឥណ្ឌូនេស៊ី ដែលចិនសម្រេចរៀបចំកិច្ចសន្ទនាដ៏មានសារសំខាន់នេះឡើង ដែលកិច្ចសន្ទនានេះ នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។   កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២»ធ្វើឡើងទៅតាមគោលការណ៍ឯកភាពគ្នា រវាងថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ទាំងពីររូប ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។

បន្ទាប់ពីកិច្ចសន្ទនា «២+២» លោក វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
លោក នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់ ៕

Leave a Reply

Your email address will not be published. Required fields are marked *