(ព្រះវិហារ)៖ កម្លាំងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃឡង់ បានធ្វើការស្ទាក់ចាប់រថយន្តសាំយ៉ុងមួយគ្រឿង ដែលផ្ទុកឈើអារពេញ បន្ទាប់ពីរថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងគោលដៅឆ្ពោះទៅកាន់ខេត្តកំពង់ធំ។
ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ការស្ទាក់ចាប់នេះ បានកើតឡើងស្របពេលដែលសាធារណជន កំពុងមានការចាប់អារម្មណ៍ខ្លាំងលើករណីកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ព្រៃរកា ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានឈើធំៗជាច្រើនដើមត្រូវបានជនខិលខូចលួចកាប់រំលំជាបន្តបន្ទាប់។
ជុំវិញបញ្ហានេះ ប្រជាសហគមន៍បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ធនធានធម្មជាតិដែលនៅសេសសល់។ ឆ្លើយតបនឹងក្តីបារម្ភនេះ មន្ត្រីឧទ្យានុរក្សកំពុងបង្កើនសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន។
ទន្ទឹមនឹងនេះ ក៏មានការលើកឡើងពីមជ្ឈដ្ឋាននានាថា ទោះបីជាកម្លាំងមន្ត្រីឧទ្យានុរក្សមានចំនួនតិច បើធៀបនឹងផ្ទៃដីព្រៃដ៏ធំល្វឹងល្វើយយ៉ាងណាក្តី ប៉ុន្តែប្រសិនបើមានឆន្ទៈមោះមុតក្នុងការបង្ក្រាប នោះបទល្មើសនឹងត្រូវកាត់បន្ថយ។ មតិដដែលបានបន្ថែមថា ឈើដែលកាប់ចេញពីព្រៃមិនអាច “បំបាំងកាយ” បានឡើយ ពោលគឺត្រូវដឹកជញ្ជូនតាមដីគោកតាមច្រកផ្លូវសំខាន់ៗមួយចំនួនប៉ុណ្ណោះ។ ដូច្នេះ ការដាក់កម្លាំងយាមកាម និងស្ទាក់ចាប់នៅតាមច្រកចេញ-ចូលព្រៃ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីកុំឱ្យជនខិលខូចអាចដឹកជញ្ជូនផលអនុផលព្រៃឈើចេញទៅក្រៅបាន៕

