ដោយ : ភ្នំធំ /ភ្នំពេញ :ទិដ្ឋភាពព្រលានយន្តហោះពោធិ៍ចិនតុងក្នុងបរិវេណ ដែលបានរៀបចំតុបតែង និងបើកឱ្យប្រជាពលរដ្ឋ ចូលលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមី គស២០២៦ ពស២៥៧០ នេះនេះ ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) បានបើកដំណើរការសាកល្បងជាសួនសាធារណៈរយៈពេល ៩ថ្ងៃ គិតចាប់ពីថ្ងៃទី ១១-១៩ មេសា ២០២៦។ ជាក់ស្តែងក្នុងរយៈពេល ២ថ្ងៃនៃការចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ មានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករប្រមាណ ៥ម៉ឺននាក់ បានចូលទស្សនា, កម្សាន្ត, ថតរូប, ហាត់ប្រាណ និងលេងកីឡា ជុំវិញតំបន់និងអាគារជាច្រើន។
ក្នុងនោះប្រជាពលរដ្ឋ ភ្ញៀវបានចូលរួមទស្សនារួមមាន៖ អគារផ្លិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់និងទីតាំងប្រវត្តិសាស្រ្តនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
បន្ថែមលើនេះបងប្អូនប្រជាពលរដ្ឋ ក៏បានទស្សនាការលេងរបាំត្រុដិ របាំឆៃយាំ ការលេងភ្លេងពិណពាទ្យ និងរបាំផ្សេងៗ ដើម្បីស្វែងយល់ពីគុណតម្លៃនៃរបាំប្រពៃណីវប្បធម៌ជាតិខ្មែរក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ៕

