ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ដោយមានការចង្អុលបង្ហាញពី លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៩ខែមេសា ឆ្នាំ២០២៦ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) អមដំណើរដោយលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ, តំណាងក្រុមហ៊ុនសាងសង់ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន៥ខ្សែ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន៤ស្រុកនាពេលនេះរួមមានខ្សែផ្លូវ៖….
១-ផ្លូវគោកសំរោង-ឧត្តរមានជ័យ ចាប់ពីឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ទៅដល់ព្រំប្រទល់ខេត្តឧត្តរមានជ័យ ប្រវែង៤.២៤គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន៧កន្លែង។
២-ផ្លូវសំរោងកើត ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ប្រវែង៤.៥៤គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន៣កន្លែង។
៣-ផ្លូវតាដួលចាប់ពីភូមិស្វាយសរ ទៅដល់ភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក ប្រវែង៣.៧១គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន១៧កន្លែង និងស្ពានបេតុង១កន្លែងប្រវែង៣៩ម៉ែត្រ។
៤-ផ្លូវឈូក-សូត្រមន្តចាប់ពីភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ទៅដល់ភូមិសូត្រមន្ត ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ប្រវែង៦.៨៨គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន១៤កន្លែង។
៥-ផ្លូវត្រាងចាប់ពីផ្លូវជាតិលេខ៥ ចំណុចភូមិគោកព្នៅ ឃុំបន្ទាយនាង ទៅដល់ភូមិពោធិពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ប្រវែង៣.៨១គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន៦កន្លែង។
នៅក្នុងឱកាសនេះដែរ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនទទួលការសាងសង់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការអនុវត្តការងារឲ្យសម្រេចលទ្ធផលតាមផែនការ ដោយធានាឲ្យបាននូវសោភ័ណភាព និងគុណភាពតាមបទដ្ឋានបច្ចេកទេស ។
ព្រមទាំងមានភាពធន់និងការប្រែប្រួលអាកាសធាតុ ក្នុងការប្រើប្រាស់រួមនៅក្នុងភូមិ ឃុំ ស្រុករបស់យើងទាំងអស់គ្នាបានយូរអង្វែង៕

