ខេត្តព្រះវិហារ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអញ្ជើញដឹកនាំពិធីសំណេះសំណាល និងចាប់ឆ្នោតកំណត់លេខរៀងផ្ទះស្នាក់នៅ បែងចែកជូនប្រជាពលរដ្ឋភៀសសឹក ដើម្បីចូលរស់នៅជាបណ្ដោះអាសន្ន ក្នុងគម្រោងលំនៅឋានរបស់សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ដោយផ្អែកលើគោលការណ៍តម្លាភាព សុចរិតភាព និងយុត្តិធម៌សម្រាប់គ្រប់គ្រួសារ។
គម្រោងលំនៅឋាននេះ ត្រូវបានអនុវត្តក្រោមការសម្របសម្រួលរបស់សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ដោយផ្ដល់ជូនជាប្រព័ន្ធ «ខ្ចីស្នាក់នៅ» ក្នុងគោលបំណងបន្ធូរបន្ថយបញ្ហាជីវភាព និងបង្កើនសុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមការលំបាក។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការចាប់ឆ្នោតគឺជាវិធីសាស្ត្រដែលធានាបាននូវភាពច្បាស់លាស់ និងការទទួលយកបានពីសាធារណជន ដោយធ្វើឲ្យដំណើរការបែងចែកមានស្មើភាព និងជៀសវាងការរើសអើង។
ជាអត្ថន័យបន្ថែម ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ឱកាសនេះជាចំណុចចាប់ផ្តើមថ្មី ដោយខិតខំបង្កើនជីវភាពគ្រួសារ តាមរយៈការងារផ្ទាល់ខ្លួន និងការអភិវឌ្ឍបរិស្ថានជុំវិញលំនៅឋាន។
ការរៀបចំលំនៅឋានជាបណ្ដោះអាសន្ននេះ មិនត្រឹមតែជាការឆ្លើយតបបន្ទាន់តាមតម្រូវការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែជាជំហានមួយក្នុងការបង្កើតមូលដ្ឋានសង្គមថ្មី ដែលមានស្ថិរភាព សុវត្ថិភាព និងការរួមរស់ដោយការយល់គ្នារវាងសមាជិកសហគមន៍ផងដែរ។

