ខេត្តព្រះវិហារ៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បន្តបង្ហាញពីភាពតស៊ូ និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសពាក់ព័ន្ធធនធានធម្មជាតិ ទោះបីជាជនល្មើសប្រើល្បិចបន្លំយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីការសង្កេតឃើញរបស់សមត្ថកិច្ចបានឡើយ។
ជាក់ស្តែង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មន្ត្រីនៃសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀង បានចុះប្រតិបត្តិការ បង្ក្រាបរថយន្តមួយគ្រឿង ប្រភេទរថយន្តកូរ៉េ ដែលដឹកជញ្ជូនក្ដារឈើដោយខុសច្បាប់ ហើយបានប្រើវិធីបន្លំ ដោយដាក់គោពីលើក្ដារឈើ ដើម្បីបិទបាំងភ្នែកសមត្ថកិច្ច។
រថយន្តខាងលើមានពាក់ស្លាកលេខ កំពង់ធំ 3A-1013 ត្រូវបានមន្ត្រីជំនាញឃាត់ និងនាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុករវៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្ត។
សមត្ថកិច្ចបានបញ្ជាក់ថា ទោះជាជនល្មើសប្រើប្រាស់វិធីសាស្ត្របន្លំលាក់បាំងយ៉ាងស្មុគស្មាញកម្រិតណាក៏ដោយ ក៏មិនអាចលាក់លុបសកម្មភាពខុសច្បាប់ពីភ្នែក និងជំនាញវិជ្ជាជីវៈរបស់មន្ត្រីជំនាញបានឡើយ។ ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពារធនធានព្រៃឈើ និងអនុវត្តច្បាប់ដោយស្មើភាព។
ជាមួយគ្នានេះ មន្ត្រីជំនាញក៏អំពាវនាវដល់ប្រជាពលរដ្ឋ សហការផ្តល់ព័ត៌មាន និងចូលរួមការពារធនធានធម្មជាតិ ដើម្បីទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាព និងចីរភាព។

