ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនភៀសសឹក ស្នាក់នៅភូមិនៅវត្តពោធិ៍សូរិយា រាម និងវត្តច័ន្ទស៊ី សាមគ្គីរតនារាម ដែលត្រូវចាប់ឆ្នោតជ្រើសរើសក្បាលដីនិងផ្ទះ ដើម្បីទៅរស់នៅបណ្ដោះអាសន្ន ដែលជាផ្ទះរបស់បងប្អូនអតីតយុទ្ធជន ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមលោក ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត លោក តាន់ ផាន់ណារ៉ា អនុប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូរជ្រៅផងដែរ ។
លោកអ៊ុំ រាត្រី បានរដ្ឋបាលខេត្តបន្ទាយមានជ័យបានរំលឹកថា ការរៀបចំដី និងផ្ទះជូនជនភៀសសឹកទាំង៦ភូមិត្រូវទៅស្នាក់នៅផ្ទះអតីតយុទ្ធជននៅភូមិចក់ពួកឃុំស្លក្រាមស្រុកស្វាយចេក មិនមែនជាថ្នូរនៃការដោះដូរជាមួយដីដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ។
តែគឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ។
លោកអ៊ិន ផាត អនុប្រធានទីចាត់ការអន្តរវិស័យ សាលាខេត្តបន្ទាយមានជ័យបានឱ្យដឹងថ្ងៃទី៨ខែមេសាថា: ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជាភូមិជោគជ័យចំនួន៨៩០គ្រួសារនិងភូមិព្រៃចាន់ចំនួន៣២៣គ្រួសារស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវីបំបែក និងភូមិបន្ទាយមានឬទ្ធិ មាន១ ៤៧៩គ្រួសារ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ពលរដ្ឋនៅ៤ភូមិនៃឃុំគោករមៀតស្រុកថ្មពួកជាង១ ០០០គ្រួសាេហើយបានចាប់ឆ្នោតនិងបានចេញពីជំរំជនភៀសសឹកវត្តកណ្តាលទៅរស់នៅបណ្ដោះអាសន្ននៅផ្ទះអតីតយុទ្ធជននៅឃុំស្លក្រាម។
និងពលរដ្ឋ២ភូមិនៃឃុំអូរបីជាន់ស្រុកអូរជ្រៅចំនួន១ ២៧០គ្រួសារនឹងទទួលការចាប់ឆ្នោត ហើយទៅស្នាក់នៅនៅផ្ទះអតីតយុទ្ធជននៅឃុំស្លក្រាមស្រុកស្វាយចេកដែរ ៕

