ដោយ : ភ្នំធំ / ព្រះវិហារ:កងទ័ពថៃ នៅថ្ងៃទី៤មេសា បានឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ ។ យោធាថៃ ក៏បានរាយលួសបន្លាប្រវែងប្រមាណ ១០០ម៉ែត្រ និងពង្រាយរថពាសដែក នៅតំបន់បុស្សស្បូវ-ជាំតែដែរ។ប្រភព៖ក្រសួងការបរទេ សកម្ពុជា ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី៥ខែមេសាឆ្នាំ២០២៦ ។
យោងតាមប្រភពដដែល បានឱ្យដឹងថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ។ កងទ័ពថៃក៏រាយលួសបន្លាប្រវែងប្រមាណ ១០០ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ
សកម្មភាពទាំងនេះ មិនមែនជាការការពារខ្លួនទេ ហើយក៏មិនស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះដែរ។
ប្រភពបន្តថា រាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យខូចស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្តែង (fait accompli on the ground) និងសូមតវ៉ាយ៉ាងខ្លាំង ចំពោះសកម្មភាពទាំងឡាយ ដែលរំលោភអធិបតេយ្យ និងបូរណៈភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
សកម្មភាពទាំងនោះក៏ផ្ទុយនឹងវិធានការបន្ថយភាពតានតឹង ដែល មានចែងក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរផងដែរ។
កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ ។
ហើយសង្កត់ធ្ងន់ថា : សកម្មភាពថ្មីៗនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងៗ និងត្រូវធ្វើសកម្មភាពបន្ថយភាពតានតឹង ពង្រឹងទំនុកចិត្តគ្នាទៅវិញ ទៅមក ព្រមទាំងថែរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន។
កម្ពុជាគោរពយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់ កម្លាំងនោះទេ និងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា៕

